ខេត្តពោធិ៍សាត់៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកវាលវែងបានឲ្យដឹងថា ឈ្មួញបំផ្លាញព្រៃឈើឈ្មោះ កែវ សុងហេង បានឃុបឃិតជាមួយមន្រ្តីជំនាញបន្តធ្វើសកម្មភាពដឹកជញ្ជនឈើអារជារៀងរាល់ថ្ងៃ ដោយជ្រកក្រោមយីហោក្រុម ហ៊ុន(អឹុមឌីអេស)របស់លោក ឧកញ្ញា ទ្រី ភាព បើទោះជាលោក ឧកញ្ញា ប្រកាសជាសាធារណៈឈប់ពាក់ព័ន្ធករណីព្រៃឈើក៏ដោយ។
ប្រភពរាយការណ៍ខាងលើបន្តថា សកម្មភាពរថយន្តប្រភេទធំៗយីឌុបច្រើនគ្រឿង បានដឹកជញ្ជូនឈើប្រភេទឈើអារជារៀងរាល់ថ្ងៃ ដោយចេញពីម្តុំចំណុចភូមិអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានឯកសារ(កំណត់ហេតុស្តីពី)ការចុះពិនិត្យឈើអារប្រភេទលេខ ២ និងលេខ ៣ លើកឡើងរថយន្តនៅក្នុងបរិវេណរោងចក្រអារច្រៀករបស់ក្រុម ហ៊ុន អឹមឌីអេស ដែលមានលោក កែវ សុងហេង ជាតំណាងក្រុម ហ៊ុន អឹមឌីអេស ដោយឆ្លងកាត់លោក ជា ហួត នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង និងលោក អឹុម សុភី នាយសង្កាត់រដ្ឋព្រៃឈើប្រម៉ោយ ដែលភាគច្រើនគេសង្កេតឃើញនៅក្នុងឯកសារខាងលើនេះមានចំនួនឈើជាង ១០០ដើម ស្មើរនឹងចំនួន ១៨ម៉ែត្រត្រីគុណ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់នោះទេថាដើមឈើទាំងនោះគេអារកាត់នៅតំបន់ណាឬកន្លងណានោះឡើយ។
ប្រភពរាយការណ៍ដដែលខាងលើនៅតែបន្តអះអាងទៀតថា ការពិតដើមឈើទាំងអស់នោះគឺក្រុមឈ្មួញសម្រុកអារកាត់នៅតំបន់ព្រៃភ្នំនានា ពិសេសនៅក្នុងដែនជំរកសត្វព្រៃភ្នំសំកុស រួចពួកគេដឹកជញ្ជូនតាមរយៈរថយន្តច្នៃធំចូលមករោងចក្រដូចបានរារបខាងលើនូវពេលយប់ដើម្បីអារច្រៀក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្តនៅតាមបណ្ដាខេត្តនានាតាមការកំណត់របស់មន្រីឃុបឃិតគ្នាជាប្រព័ន្ធ ចាប់ពីចំនួ ១៥ទៅ១៨ម៉ែត្រត្រីគុណ ប៉ុន្តែត្រូវគេប៉ាន់ស្មានក្នុង ១ រថយន្តធំនេះមិនក្រោមចំនួន ៣៥ម៉ែត្រត្រីគុណនោះឡើយ ជាក់ស្ដែងដូចឃើញរូបភាពស្រាប់រថយន្តដឹកឈើពេញ ដែលគេថតបាននៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចភ្នំចិនយំនារសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នេះ ដូច្នេះហើយបញ្ហានេះត្រូវគេសង្ស័យឃុបឃិតគ្នាទាំងព្រមបំផ្លិចបំផ្លាញទាំងព្រៃឈើទាំងផ្លូវថ្នល់ជាដើម។ល។
ទោះជាប្រភពរាយការណ៍យ៉ាងនេះក្តី៖ ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ នគរវត្ត មិនអាចស្វែងរកសុំការពន្យល់ពីលោក កែវ សុងហេង តំណាងក្រុម ហ៊ុន(អឹុមឌីអេស)នោះបានទេ ចំណែកលោក អឹុម សុភី នាយសង្កាត់រដ្ឋព្រៃឈើប្រម៉ោយ ក៏ដូចគ្នាដែរ ដោយឡែក៖ លោក ជា ហួត ទូរស័ព្ទតេចូល ប៉ុន្តែគ្មានអ្នកទទួល៕ ប៉ឹម ពិន