ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពប្លន់យុវជនម្នាក់បានសម្រេចយកម៉ូតូ Zoomer X ដោយបានជិះមកបំបុកឲ្យដួលបណ្តាលរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅម្តុំកន្លែងលក់សាច់ក្រក តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះសាត ប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ Sale and Decore រស់នៅភូមិ ព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ម៉ូតូដែលជនសង្ស័យប្លន់យកម៉ាក ZOOMER,X ពណ៌ខ្មៅសេរ៊ី២០១៦ ពាក់ស្លាក់លេខ ភ្នំពេញ 1AX-7320។
បើតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា គាត់បានឃើញជនសង្ស័យមួយក្រុមមានគ្នា៥នាក់ជិះម៉ូតូ២គ្រឿង បើកយ៉ាងលឿនដេញជនរងគ្រោះ ពេលមកដល់កន្លែងកើតហេតុបានជិះបំបុកជនរងគ្រោះពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយក្រុមជនសង្ស័យបានលើកយកម៉ូតូទៅបាត់តែម្តង ។
ក្រោយមកសមត្ថកិច្ចបានត្រឹមទៅឈរមើល និងសួរនាំនៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះបានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅព្យាបាលរបួស ទើបទៅដាក់ពាក្យបណ្តឹងពេលក្រោយ ៕ សុខាសែនជ័យ