ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងសំណង់ប្រចាំក្រុមហ៊ុនសាងសង់ ហួយ ប៉ាង ត្រូវបានចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយីកម្ពុជា-ចិន ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គ្រាដែលជនរងគ្រោះរូបនេះចូលទៅធ្វើការងារនៅទីនោះ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ប្រចាំក្រុមហ៊ុនសាងសង់ ហួយ ប៉ាង មានទីលំនៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែងមកធ្វើសំណង់នៅក្នុងទីក្រុងពាណិជ្ជកម្មចេងឌូបាយី កម្ពុជា-ចិន ។ លុះមកដល់វេលាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ជនរងគ្រោះបានជិះម៉ូតូជាមួយបងប្អូនជីដូនមួយមកធ្វើការសំណង់ដូចសព្វមួយដង រហូតដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានរៀបចំម៉ូទ័រដាក់បូមទឹក បន្ទាប់ពីរៀបចំរួចរាល់ជនរងគ្រោះបានឈរនៅក្នុងទឹកកន្លែងដាក់ម៉ូទ័រ និងបានស្រែកឲ្យឈ្មោះ កៅ សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាអ្នកបងប្រែចិន ជួយដោតឌុយខ្សែភ្លើងម៉ូទ័រដើម្បីបញ្ឆេះបូមទឹក ខណៈដែលដោតឌុយរួចបុរសជាអ្នកបកប្រែចិនបានឮសម្លេងជនរងគ្រោះស្រែក ក៏ប្រញាប់ដកឌុយចេញរត់ទៅមើលឃើញជនរងគ្រោះដួលស្តូកស្តឹងនៅក្នុងទឹក លើកឡើងមកលើគោកធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
ក្រោយពីមានហេតុការណ៍កើតឡើងសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ