ភ្នំពេញៈ នាវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កម្លាំង នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យតាមហាងកាហ្វេវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោកហើយបានឃាត់ខ្លួនជនជាតិវៀតណាម២២នាក់ដែលសមត្ថកិច្ចសង្ស័យថា ស្នាក់នៅកម្ពុជាខុសច្បាប់ ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយក្រោយពេលត្រួតពិនិត្យជាច្រើនម៉ោង សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន២២នាក់ ស្រី៨នាក់ ដែលស្នាក់នៅប្រទេសកម្ពុជាមិនស្របច្បាប់។
លោកឧត្តមសេនីយ៍ឯកបញ្ជាក់ថា ជនជាតិវៀតណាមទាំង២២នាក់នេះ ក្រោយពិនិត្យចប់ គឺសុទ្ធសឹងប្រើប្រាស់ឯកសារមិនត្រឹមត្រូវតាមច្បាប់ហើយកម្លាំងយើបបាន បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារចាត់ការតាមនីតិវិធីច្បាស្របពេលនៅព្រឹកថ្ងៃនេះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជនជាតិចិនចំនួន៣៣នាក់ ស្រី ៣នាក់ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃផងដែរ។ជនជាតិចិនទាំងនេះត្រូវបានឃាត់ខ្លួន ដោយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ពីបទល្មើស លួចស្នាក់នៅកម្ពុជាគ្មានលិខិតឆ្លងដែន និងប្រព្រឹត្តបទល្មើសជម្រឹតទារប្រាក់ពីជនជាតិចិនដូចគ្នាតាមប្រព័ន្ធអេឡិចត្រូនិក នៅចំណុចអាគារខុនដូ ផ្លូវ៥៧៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកមកអនុវត្តតាមនីតិវិធី បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ៕ ស តារា