ព័ត៌មានទាន់ហេតុការណ៍៖

លួចកាត់យកស្លាក​យីហោ​ អាម៉ាសូន​ ដែលគេចងដាក់នៅមុខ​ហាង​ ដល់ពេលគេចាប់បានឆ្លើយថា​ ហ្វេន​របស់​គាត់​

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូដើរកាត់យកស្លាក​យីហោ​ អាម៉ាសូន​ ដែលគេចងដាក់នៅមុខ​ហាង​ លុះគេឃើញទាន់សួរនាំឆ្លើយថា​ ហ្វេន​របស់​គាត់​ ពេលនោះអ្នកយាមបានចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិនគរបាលទំនប់ទឹក

ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះបាន​កើតឡើងនៅវេលាម៉ោង​១០និង៣០នា​ទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុច​ផ្ទះជួសជុល ផ្លូវ៤៣០ កែងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

បុរសដែលម្ចាស់ស្លាកយីហោចោទប្រកាន់ថា ​បានលួចស្លាកយីហោនោះមានឈ្មោះ​ សេង​ សេងម៉ូវ​ ភេទប្រុស អាយុ៣៨ឆ្នាំ​ មានស្រុកកំណើត​ឃុំព្រែកនរិន្ឋ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង ម៉ូតូដែលជិះធ្វើសកម្មភាពម៉ាក​ ស្មាស ពណ៌ខ្មៅ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1AL-3784 ។

ខណៈពេលដែលយកមកដល់ប៉ុស្តិ៍ឆែកឆេរនៅក្នុងកាបូបស្ពាយរបស់គាត់រកឃើញ​របោះរបរជាច្រើនដូចជា​៖ កូនកាំបិតបត់ចំនួន៩ កាំបិតសមុខស្រួច១ និងថ្នាំពេទ្យ កូនសោមួយចំនួន និងរបស់របរផ្សេងៗជាច្រើនទៀត​ លុះដល់សមត្ថកិច្ចសាក​សួរលួចយក​ទៅធ្វើអីរូបគាត់បានឆ្លើយថា​ស្រឡាញ់ ទើបគាត់កាត់យកទៅដេកឱប និងទុកចងជញ្ជាំងផ្ទះ​ដល់សមត្ថកិច្ចសួរថា ផ្ទះនៅឯណា បែរជាឆ្លើយថា នៅផ្ទះផ្កាយ៣ តែនៅពេលដែលឲ្យរកលេខទូរស័ព្ទ គឺនៅតែអង្គុយចុចតែទូរសព្ទ័​ទៅវិញធ្វើឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកហួសចិត្តនិយាយលែងចេញ អង្គុយ​តែក្រវីក្បាល​ ។

ក្រោយមកសមត្ថកិច្ចបានធ្វើសាវតាជាតិ និងកិច្ចសន្យា​អប់រំឲ្យឈប់ធ្វើដូច្នេះទៀត​ហើយ​ក៏បានដោះលែងឲ្យត្រឡប់ទៅវិញ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖