ភ្នំពេញ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលតែងតែធ្វើសកម្មភាពប្រើកាំបិត និងពូថៅកាប់គំរាមប្លន់ម៉ូតូប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ឥឡូវត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមជនសង្ស័យប្រើកាំបិតនិងពូថៅគំរាមកាប់ប្លន់ម៉ូតូ កាលពីវេលាម៉ោង០១ម៉០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើសួនច្បារមាត់ទន្លេទល់មុខភោជនីដ្ឋានF.C.C ផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួននោះទី១.ឈ្មោះ ម៉ៅ ធឿន ហៅវែង ភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ មានទីលំនៅមិនពិតប្រាកដ,ទី២.ឈ្មោះ ចំរើន វណ្ណរី ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ៨អឺ០ផ្លូវលេខ១៩សង្កាត់ជ័យជំនះខណ្ឌដូនពេញ អ្នកទាំង២ត្រូវបានឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហឹង្សារ។ វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ កាំបិតវែងមួយ និងកូនពូថៅចំនួន០២ ។ ចំណែកឯ
ជនរងគ្រោះ ឈ្មោះ ឈឿន សំណាងភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់មានទីលំនៅភូមិកោះធំឃុំកោះធំស្រុកកោះធំខេត្តកណ្តាល ។ សំភារះបាត់បង់ ៖ម៉ូតូមួយគ្រឿងម៉ាកZOOMER .X ពណ៌ទឹកក្រូចពាក់ស្លាកលេខ កណ្តាល1M 0081 (ត្រូវបានបក្ខពួកជនសង្ស័យឈ្មោះស៊ីយកគេចខ្លួនបាត់ស្រមោល) ។
ប្រភពដដែរ បានបន្តទៀតថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកZOOMER .X ដឹកស្រីស្នេហ៍របស់ខ្លួនចេញពីការដ្ឋានមកអង្គុយលេងនៅសួរមាត់ទន្លេរទល់មុខភោជនីដ្ឋានF.C.Cបានរយះពេលម៉ោង ស្រាប់តែក្រុមជនសង្ស័យមានគ្នា៤ ទី១ឈ្មោះម៉ៅ ធឿន ហៅវែង ទី២មោះ ចំរើន វណ្ណរី ទី៣ឈ្មោះ អាស៊ី និងទី៤ឈ្មោះ អាត្រេន ដែលជាមុខសញ្ញាប្លន់ចាស់ បានដើរមកក្បែរជនរងគ្រោះដោយប្រើកាំបិតវែងនិងពូថៅមកគំរាមកាប់ប្លន់ ដោយជនរងគ្រោះភ័យក៏ប្រគល់ម៉ូតូឲ្យជនសង្ស័យ ពេលបានម៉ូតូរួចក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះបានមកដឹកពាក្យបណ្ដឹងនៅនគរបាលខណ្ឌដូនពេញ បន្ទាប់ពីកម្លាំងជំនាញទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចហើយបានចុះធ្វើការស្រាវជ្រាវជាក់ស្តែងឃាត់ខ្លួនបានក្រុមជនសង្ស័យ២នាក់ នៅមុខព្រះបរមរាជវាំង ប៉ុន្តែមិនបានដកហូតម៉ូតូនោះទេ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ស តារា