ព័ត៌មានទាន់ហេតុការណ៍៖

អាជីករនៅផ្សារថ្មីហៅផ្សារចំការគក្រុងសិរីសោភ័ណត្អូញត្អែរដោយរងផលប៉ះពាល់ពីក្លិនទឹកសំអុយស្ទះលូ ជាយូរឆ្នាំ មិនទាន់មានការដោះស្រាយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាជីវករលក់បន្លែត្រីសាច់ នៅក្នុងផ្សារថ្មី ហៅផ្សារចំការគ បាននាំគ្នាត្អូញត្អែរពីការរងផលប៉ះពាល់សុខភាព ក្លិនទឹកសំអុយដោយសារការកកស្ទះលូជាយូរឆ្នាំមកហើយ គណៈកម្មការផ្សារ និងអាជ្ញាធរមិនទាន់រកដំណោះស្រាយជូនពួកគាត់នៅឡើយនោះទេ។

បញ្ហាពីផលប៉ះពាល់ទឹកសំអុយនោះនាំឲ្យអាជីវករចំនួន២តូបបានបង្ខំចិត្តបិទតូបបញ្ឈប់អាជីវកម្មរបស់ខ្លួនដោយទ្រាំពុំបាននូវក្លិនទឹកស្អុយ ដក់ជាប់នៅក្នុងផ្សារគ្មានប្រព័ន្ធលូរំដោះទឹកចេញ។

អាជីវករបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២ ខែសីហា ឲ្យដឹងថា ទឹកសំអុយ ដែលកំពុងបង្ករងផលប៉ះពាល់ដល់បងប្អូនអាជីវករនោះ មួយផ្នែកដោយសារការចាក់ទឹកពីអ្នកធ្វើត្រីផ្អកប្រហុក និងមួយផ្នែកទៀតការបង្ហូរទឹកចេញ តាមបង្គន់ផ្ទះនៅជុំវិញផ្សារ។ ជាពិសេសទឹកសំអុយបានបង្កប៉ះពាល់ធ្ងន់នៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ទឹកហូរដក់ទឹកជ្រាំនៅក្នុងផ្សារនោះតែម្តង។

អាជីវករក៏បានសំណូមពរឲ្យអាជ្ញាធរ និងគណៈកម្មការផ្សារមេត្តាជួយដោះស្រាយបញ្ហានេះជូនដល់ពួកគាត់នោះផង។

លោក ពេជ្រ ញៀន ប្រធានគណៈកម្មការផ្សារថ្មីហៅផ្សារចំការគបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថា បញ្ហាការកកស្ទះប្រព័ន្ធលូ នោះគឺវាហួសសមត្ថភាពរបស់លោកនោះហើយ បញ្ហានោះខាងអាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវ និងដោះស្រាយពីព្រោះការការប្រមូលថ្លៃអនាម័យ និងថ្លៃភាស៊ី ខាងអាជ្ញាធរខេត្តគេប្រមូលយកទាំងអស់ ។ ក៏ប៉ុន្តែបញ្ហានោះដែរ លោកក៏បានរាយការណ៍ដល់អភិបាលខេត្តរួចហើយកាលពីកន្លងទៅថ្មីៗនេះ លោកអភិបាលខេត្ត ក៏គ្រោងចាត់អ្នកជំនាញចុះទៅត្រួតពិនិត្យដើម្បីសិក្សាឡើងវិញ។

លោកបញ្ជាក់ទៀតថា ការកកស្ទះដោយសារតែមានបងប្អូនអាជីវករមួយចំនួនបានយកសំរាម ញាត់ចូលក្នុងលូ ទើបបង្កឲ្យកកស្ទះលូបែបនោះ៕ សំ វិច្ឆិកា


ចែករំលែក៖