ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាចុះសួរសុខទុក្ខ កីឡាករកីឡាការិនី នៅសាលាគុនតាដំបងដែក និង សាលាគុនល្បុក្កតោកុមារទេពមានរិទ្ធ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានសួរសុខទុក្ខ កីឡាករកីឡាការិនី នៅក្នុងសាលាគុនចំនួន២ គឺសាលាគុនតាដំបងដែក ដែលមានទីតាំងនៅភូមិផ្អេរ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងសាលាគុនល្បុក្កតោកុមារទេពមានរិទ្ធ ដែលមានទីតាំង ទៅភូមិ ម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីចុះសួរសុខទុក្ខ្ខ និងលើកទឹកចិត្តដល់ គ្រូគុន និងសិស្សគុនទាំងអស់កាលពីថ្ងៃអង្គារទី២២ ខែសីហា ឆ្នាំ២០១៧ ដើប្បីឈ្វេងយល់ពីសុខទុក្ខ និងការស្នាក់នៅ របស់ពួកគេនាបច្ចុប្បន្ន ។

ការចុះពិនិត្យ ស្ថានភាព ទីតាំងសាលាគុនទាំង២ខាងលើ លោកទេសរដ្ឋមន្ត្រី បានសម្តែងការ នូវការអរសាទរ ចំពោះការខិតខំ ថែរក្សាមរតកក្បាច់គុនវប្បធម៌ដ៏ចំណាស់មួយនេះ ឲ្យបានគង់វង្ស និងទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតហាត់រៀនបន្តវេន និងជួយអភិរក្ស និងអភិវឌ្ឍន៍។

ក្រៅពីការឈ្វេងយល់ចំពោះជីវភាព របស់សិស្សគុនក្លិបទាំង២ លោកប្រធានសហព័ន្ធ បានពិនិត្យមើលលើការខ្វះខាតសម្ភារៈបច្ចេកទេស និងទីតាំងរបស់សាលាគុនទាំង២ថា តើលោកអាចជួយបំពេញបន្ថែមនូវការខ្វះខាត់អ្វីខ្លះដល់សាលា ដើម្បីបង្ករភាពងាយស្រួលដល់ការហ្វឹកហាត់របស់សិស្សគុន និងទទួលបានគុណផលខ្ពស់ ក្នុងការចូលរួមប្រកួតនានានៅពេលខាងមុខ ជាពិសេសការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ និងការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨។ ក្នុងដំណើរចុះជួប សំណេះសំណាលខាងលើនេះដែរ លោកទេសរដ្ឋមន្ត្រី ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឧបត្ថមថវិកា ចំនួន១លាន ៣០ម៉ឺនរៀល ដល់សាលាគុន ដែលមានសិស្សស្នាក់នៅហ្វឹកហាត់ជាមួយនឹងគ្រូផងដែរ។

ជាងនេះទៀត ប្រធានសហព័ន្ធ បន្តរដំណើរការចុះសួរសុខទុក្ខ និងឈ្វេងយល់ពីស្ថានភាព រស់នៅ របស់លោកគ្រូគុនល្បុក្កតោផ្សេងទៀត នៅតាមបណ្តារខេត្តនានា ដើម្បីរៀបផែនការអភិវឌ្ឍន៍ប្រភេទកីឡាគុនល្បុក្កតោមួយនេះឲ្យបានរីកលូតលាស់ទៅមុខទាំងក្នុងប្រទេស និងក្រៅប្រទេស សម្រាប់ត្រៀម ការប្រកួតកីឡា ស៊ីហ្គេម ២០២៣ ដែលកម្ពុជា ជាម្ខាស់ផ្ទះ៕ សារីម


ចែករំលែក៖