ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់ ដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ម៉េង ហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់ក្នុងបឹង ស្ថិតក្នុងភូមិបត្តាជី សង្កាត់ ព្រែកហូរ ទី២-ឈ្មោះ ធី រាត្រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចប្បន្នស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ,ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FI-2445 ,កាបូបដៃចំនួន០១ ,ប្រាក់រៀលចំនួន១៩.៥០០ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានឃើញជនសង្ស័យទាំង២នាក់នេះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ បន្ទាប់ពីទទយលបានព័ត៌មានសមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់ខ្លួនចនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធដើម្បីចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ថ្នាំញៀនខាងលើនេះពួកគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀនម្នាក់នៅម្តុំវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ដើម្បីយកមកជួញដូរបន្ត ។ សកម្មផាពជួញដូរគ្រឿងញៀនខុសច្បាប់នេះពួកគេបានធ្វើឡើងអស់រយៈពេល២ខែ រីឯការប្រើប្រាស់គ្រឿងញៀនវិញមានរយៈពេល៦ខែមកហើយ មានន័យថាចេះប្រើប្រាស់បាន៤ខែក៏បែកគំនិតធ្វើសកម្មភាពជួញដូរ ៕ ស្អាងជ័យ