ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែសីហា នេះ ចាប់ផ្ដើមបន្តសវនាការរឿងក្ដីលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយមានលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និង លោកសៀង សុខ ជាតំណាងអយ្យការ ។
គួរបញ្ជាក់ថា លោក សួន សេរីរដ្ឋា ត្រូវបានលោករស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១៤ ខែសីហា ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា បន្ទាប់ពីបានសាកសួរនិងពិនិត្យសំណុំរឿងនេះចប់សព្វគ្រប់រួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានរកឃើញថា អង្គហេតុខាងលើបានប៉ះពាល់ដល់សន្តិសុខសង្គម និងសន្តិសុខនៃកងយោធពលខេមរភូមិន្ទ ជាបទល្មើសព្រហ្មទណ្ឌ រួមមាន បទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ និង បទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយហេតុថាករណីខាងលើជាបទមជ្ឈិមជាក់ស្តែង ហើយសំណុំរឿងនេះបានបំពេញលក្ខខណ្ឌនៃនីតិវិធីនៃការបង្ហាញខ្លួនភ្លាម តាមបញ្ញត្តិមាត្រា៤៧ និងមាត្រា ៤៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់និងបញ្ជូនជនជាប់ចោទឈ្មោះ សួន សេរីរដ្ឋា រួមទាំងសំណុំរឿង តាមកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាមលេខ ០១៨ អ.យ.ឋ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះ ៕ចេស្តា