ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ទេព​ វន្នី​ និង​ស្ត្រី​៣នាក់​ទៀត​ ករណី​ប្រមាថ​និង​ជេរ​ប្រមាថ​ជា​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​

ចែករំលែក៖

ភ្នំពេញ​៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​សីហា​ នេះ​ បើក​សវនាការ​សំណុំរឿង​លោក​ស្រី​ទេព​ វន្នី​ និង​ស្ត្រី​បឹងកក់​៣ទៀត​ ពាក់ព័ន្ធ​បទល្មើស”ប្រមាថអ្នករាជការ​សាធារណៈ​និងបទ​ប្រឆាំងនឹងអ្នករាជការ​សាធារណៈ​មានស្ថានទម្ងន់ទោស”​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកព្រះ​រាជ​អាជ្ញា​​ នៅ​ មុនី​ជោត​ អ្នក​នាំពាក្យ​​តុលាការ​កំពូល​ ។​

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ អ៊ុក​ គឹម​សិទ្ធិ​ ជា​តំណាង​មហា​អយ្យការ​ ។

ស្ត្រី​ទាំង​៤នាក់​មាន​ឈ្មោះ​ ទេព​ វន្នី​ កំពុង​ជាប់​ពន្ធនាគារ​ ។​ ឈ្មោះ​ ហេង​ មុំ​ អាយុ​៤១ឆ្នាំ​ ឈ្មោះ​ បូ​ ឆវី​ អាយុ​៣៧​ឆ្នាំ​ និង​ ឈ្មោះ​ គង់​ ចន្ថា​ អាយុ​៤៣ឆ្នាំ​ បច្ចុប្បន្ន​នៅ​ក្រៅ​ឃុំ​ ​ ធ្លាប់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់​៦ខែ​ ពី​បទ​”ប្រមាថអ្នករាជការ​សាធារណៈ​និងបទ​ប្រឆាំងនឹងអ្នករាជការ​សាធារណៈ​មានស្ថានទម្ងន់ទោស”​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​​រាជធានី​ភ្នំពេញ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ កាលពី​ថ្ងៃទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​ តាម​មាត្រា​៥០២និង​មាត្រា​៥០៤នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

តុលាការ​បាន​ផ្តន្ទា​ទោស​ស្ត្រី​បឹងកក់​ទាំង៤នាក់​ បន្ទាប់​ពី​​ ពួកគេ​បាន​ជេរ​ប្រមាថ​ និង​ ប្រឆាំង​ នឹង​អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ​ កាលពី​ចុង​ឆ្នាំ​២០១១​ ខណៈ​ដែល​ពួកគេ​បាន​ដាក់​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​នេះ​ ដើម្បី​សំណូមពរ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ។​

កន្លង​មក​ ពួកគេ​ បាន​បដិសេធ​ដូច​គ្នា​ ថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ស្នើ​តុលាការ​​លើកលែង​ការ​ចោទប្រកាន់​ដល់​ពួកគេ​ ៕ ចេស្តា


ចែករំលែក៖