ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញគ្រឿងញៀនពីមេក្លោងនៅស្រុកកៀនស្វាយវិញ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញ​គ្រឿងញៀនពីមេក្លោងនៅនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយវិញ ក៏ត្រូវបានសមត្ថកិច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាលសិត្បូ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បង្រ្កាបចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង១៨ និង៥០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចកំពង់ចម្លង​កោះ​អន្លង់ចិន ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថ​កិច្ចបានធ្វើការដកហូតវត្ថុតាង​រួម​មាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន​២៧កញ្ចប់ ,ម៉ូតូ០១គ្រឿង ម៉ាក​ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ​កណ្តាល​1T-5575 និង​ទូរស័ព្ទដៃ០២គ្រឿងផងដែរ ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែល​ត្រូវ​បានចាប់ខ្លួននោះ ទី១-ឈ្មោះ អយ សុខគឿន ហៅអូនទូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ទី២-ឈ្មោះ អ៊ី វិចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរឡាន មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាជួញដូរ និងប្រើ​ប្រាស់​គ្រឿងញៀន ម្នាក់ជាមុខសញ្ញានៅក្នុងមូលដ្ឋាន ម្នាក់ទៀតជាមុខសញ្ញាក្រៅមូលដ្ឋាន ពួកគេ​ទាំង២នាក់តែងតែទំនាក់ទំនងជួញដូរគ្រឿងញៀន ដោយប្រើប្រាស់គ្រប់រូបភាព ដើម្បី​បំភ័ន្តភ្នែកសមត្ថកិច្ច ។ លុះមកដល់ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នាឆ្លងទូកដរ​ទៅភូមិសាស្ត្រស្រុកកៀនស្វាយ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ចុះធ្វើការស្រាវជ្រាវចាំឃ្លាំមើល រហូតបានឃើញជនសង្ស័យ​ទាំង​២នាក់ជិះត្រឡប់មកវិញ ក៏ឆ្មក់ចូលទៅសុំធ្វើការឆែកឆររក​ឃើញវត្ថុតាងជាក់ស្តែងចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាក​សួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ អ៊ី វីចិត្ត បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា មុនពេលកើត​ហេតុរូបគេបានទំនាក់ទំនងតាមទូរស័ព្ទ ហៅជនសង្ស័យឈ្មោះ ឈ្មោះ អយ​ សុខគឿន​ ដើម្បីយកម៉ូតូមកឌុបរូបគេ ជិះទៅទិញគ្រឿងញៀនពីមេក្លោងឈ្មោះ សេង ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន២៧កញ្ចប់តូច ក្នុងតំលៃ១៣០,០០០រៀល ដើម្បីយកទៅជួញដូរបន្តនៅក្នុងភូមិសាស្ត្រឃុំសិត្បូ ស្រុកស្អាង ។ ចំណែកឯជនសង្ស័យឈ្មោះ​ អយ​ សុខគឿន បានសារភាពថា​​ រូបគេពិតជាបានយកម៉ូតូមកដឹកជនសង្ស័យឈ្មោះ អ៊ី វិចិត្ត ប្រាកដ ៕ ស្អាងជ័យ


ចែករំលែក៖