ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បានអញ្ជើញមកជួបសំដែងការគួរសមជាមួយ សម្តេចតេជោ នៅពេលនេះគឺស្របពេលអញ្ជើញ មកចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួង មហាផ្ទៃកម្ពុជាផងដែរ។ ឯកឧត្តម អានុពុង ផៅចិន្តា បានសំដែងនូវក្តីរីករាយ និងមានមោទនភាពចំពោះ ភាពរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកសំណើមួយចំនួនដូចជាៈ

១)សូមភាគីថៃពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹកនៅខេត្តកោះកុងដោយត្រូវចែករំលែកទឹកប្រើប្រាស់អោយខេត្តជាប់ប្រទេសទាំង២ អោយមានទឹកប្រើប្រាស់គ្រប់គ្រាន់។

២)សហការចូលរួមដោះស្រាយគ្រោះមហន្តរាយតាមព្រុំដែននៃប្រទេសទាំង២អោយបានល្អ និងមាន ប្រសិទ្ឋភាព។

៣) សូមអោយភាគីថៃពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយជួយទិញកសិផលពីកម្ពុជាឱ្យបានច្រើនជាងមុន ព្រោះសព្វថ្ងៃនេះកម្ពុជានាំទំនិញពីថៃចូលមកច្រើនជាងថៃនាំទំនិញកម្ពុជា ចេញទៅថៃ គឺខុសគ្នារហូតដល់៥ដង។

៤) តាមរយៈ នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របក្នុងពេលអញ្ជើញមក ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមគ្នារវាងប្រទេសទាំងពីរនៅកម្ពុជា។ នៅពេលនោះក៏អាចនឹងមានគម្រោង សម្ពោធសួនច្បារថ្មី មិត្តភាពកម្ពុជា-ថៃ ស្ថិតនៅវត្តភ្នំរហូតមកដល់វិមានសន្តិភាពផងដែរ។

នាយឧត្តមសេនីយ៍ អានុពុង ផៅចិន្តា បានគាំទ្រនូវប្រសាសន៍លើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវមិត្តភាព និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍នឹងរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រីថៃអំពីសំណើដែលសម្តេចតេជោបានលើកឡើងទាំងអស់នេះ។ កិច្ចប្រជុំពិភាក្សា ការងារកាលពីរសៀលថ្ងៃមិញនេះ គឺបានបញ្ចប់ទៅដោយបរិយាកាសរីករាយនិងស្និទ្ឋស្នាលបំផុត៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1435808263134333/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖