ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តអង្គភាពកងពលតូចលេខង៧០បើកបោះពួយយ៉ាងលឿនពេលមេឃកំពុងធ្លាក់ភ្លៀងបណ្តាលឲ្យជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាកAUDIQ7

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តធុនធំរបស់អង្គភាពកងពលតូចលេខង៧០ បើកបោះពួយយ៉ាងលឿនពេល​មេឃកំពុងធ្លាក់ភ្លៀង បណ្តាលឲ្យជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក​AUDI Q7 ពេញមួយទំហឹងរងការខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ តែសំណាងល្អមិនមានមនុស្សរងរបួស ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាល​ពីវេលាម៉ោង១៥ និង៣៥នាទី ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេ​ខ​៣៧-៣៨ ស្ថិតក្នុងចេតីយ៍ទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តបង្កម៉ាកGMC ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ2.3-7054 បើកបរដោយឈ្មោះ អ៊ឹម សិរី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាមន្ត្រីយោធាបម្រើការងារនៅអង្គភាពកងពលតូចលេខង70 ។ ចំណែក​ឯរថយន្តAUDI Q7 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-3369 បើកបរដោយឈ្មោះ ជា សុខចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៨២ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ ។

តាមការបំភ្លឺពីម្ចាស់រថយន្តAUDI Q7 បានឲ្យដឹងថា នៅមុនពេលកើត​ហេតុរូបគាត់បាន​បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខេត្តបាត់ដំបង់ឆ្ពោះ​ទៅរាជធានីភ្នំ​ពេញ​វិញ ខណៈបើកដល់ចំណុចកើតហេតុមេឃងងឹតធ្លាក់ភ្លៀងខ្លាំង ហើយ​លំហូរ​ចរាចរណ៍ក៏​មាន​ការកកស្ទះ ទើបរូបគាត់ជាន់ហ្វ្រាំងបន្ថយល្បឿន។គ្រានោះស្រាប់តែ​មានរថយន្តរបស់​អ​ង្គ​ភាព​យោធា បើកមកបុកគូថរថយន្តគាត់ពេញមួយទំហឹងតែម្តង ។ ម្ចាស់​រថយន្តបានបញ្ជាក់ថា ករណី​នេះមិនបានបណ្តាលឲ្យរូបលោករងរបួសឡើយ គ្រាន់តែខូចខាត​រថយន្តមួយ​កំណាត់​ក្រោយ​ប៉ុណ្ណោះ ។

អធិការនគរបាលស្រុកពញាឮលោក ដួង តេង បានបញ្ជាក់ថា ករណីនេះភាគីរថយន្តអង្គភាពកងពលតូចលេខង70 បានទទួលស្គាល់កំហុសរបស់​ខ្លួន ដោយអះអាងថា បណ្តាល​មកពីរថយន្តជាន់ហ្វ្រាំងមិនស៊ី ទើបជ្រុលទៅបុកគូថរថយន្ត​AUDI យ៉ាងដូច្នេះ ។ លោក ដួង តេង បានបញ្ជាក់ថា អង្គភាពកងពលតូចលេខង70 បានយល់ព្រមសងសំណងទៅ​ភាគី​រថយន្តAUDI តែមិនដឹងថា ទំហំនៃការសងសំណងប៉ុណ្ណានោះទេ ខណៈដែលម្ចាស់រថ​យន្ត​AUDI Q7 អះអាងថា គ្រាន់តែទ្វារក្រោយនៃរថយន្តកុម៉ង់ក្រុមហ៊ុន មានតម្លៃប្រមាណ​២ម៉ឺនដុល្លាសហរដ្ឋ​អាមេ​រិកទៅ​ហើយ​នោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះពិតជាសំណាងណាស់ ដែលរថយន្តធុនធំរបស់អង្គភាពកងពលតូចលេខង៧០​ ជាន់ហ្វ្រាំងមិនស៊ីជ្រុលបុកគូថរថយន្ត ចុះបើកជ្រុលបុកហ្វូងមនុស្សកំពុ​ង​ដើរ​​ឆ្លងផ្លូវ ឬក៏បុកម៉ូតូវិញ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ ដែលត្រូវស្លាប់បាត់បង់ជីវិត​ ដោយ​សារ​រថយន្តជាន់ហ្វ្រាំងមិនស៊ីនេះ ។ អង្គភាពកងពលតូចលេខង៧០ គួពិនិត្យមើលលក្ខណៈ​បច្ចេក​ទេសរថយន្តឲ្យបានត្រឹមត្រូវ មុននឹងឲ្យមន្ត្រីរបស់ខ្លួនបើករថយន្តនៅលើដងផ្លូវសាធារណៈ​៕​ ស្អាងជ័យ


ចែករំលែក៖