ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូដល់ផ្លូវបំបែកបុករថយន្តរួចអូសផ្ទប់ដើមឈើរងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជន២នាក់បានរងរបួសធ្ងន់ បែកក្បាលបាក់ជើង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូមិនគោរពសិទ្ធិអាទិភាពឆ្លងកាត់ផ្លូវបំបែកជា៤ទៅបុកនឹងរថយន្តហ៊ីយ៉ាន់ដាយ ពីត្បូងទៅជើងយ៉ាងពេញទំហឹងរួចអូសផ្ទប់ទៅនឹងដើមឈើលាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លើផ្លូវបំបែកលេខ ៣១៤ ស្ថិតនៅភូមិ ស្រះ វង់ សង្កាត់ ស្វាយរៀង ក្រុង​ ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា យុវជនដែលជិះម៉ូតូដែលរងរបួសធ្ងន់មានឈមោះ ឆន វាសនា អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ស្រម៉ ឃុំ បុសមន ស្រុក រំដួល​ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ទឹម សោភ័ណ្ឌ អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ បុសផ្លាំង ឃុំ បុសមន ស្រុក រំដួល ខេត្ត ស្វាយរៀង ខណៈបើកបរម៉ូតូម៉ាក្ស ស្កូបពី ពណ៍ ស ពាក់ស្លាកលេខ ស្វាយរៀង ១G ៣៣៤៩ ខូចខាតទាំងស្រុង។

ចំណែកអ្នកបើកបររថយន្តមានឈ្មោះ វ៉ាន់ សាវ៉ាត់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិ ឃ្លាំង ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរឈ្មោះ​ ម៉ៅ ឌី ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិឃុំជាមួយគ្នា ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនោះមានម៉ូតូមួយគ្រឿងម៉ាកស្កូបពី ពណ៍ ស ពាក់ស្លាកលេខ ស្វាយរៀង ១G ៣៣៤៩ជិះគ្នា២នាក់ដោយធ្វើដំណើរពីលិចទៅកើតមិនគោរពសិទ្ធិអាទិភាពហើយមកដល់ផ្លូវបំបែកជា៤ស្រាប់តែមាន រថយន្ដម៉ាក្ស ហុីយ៉ាន់ដាយ ពណ៍ ខៀវ ស ពាក់ផ្លាកលេខ ភព ២.ធ.០៤៩១ បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក៏បុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ ហើយក៏អូសផ្ទប់ទៅនឹងដើមស្ងាវមុខស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងតែម្ដង។

ក្រោយមកប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានអន្តរាគមន៍ដឹកយុវជនដែលរងរបួសទាំង២នាក់មកកាន់មន្ទីពេទ្យបង្អែកខេត្តព្រមទាំងវាស់វែង និងអូសម៉ូតូ និងរថយន្តព្រមទាំងអ្នកបើកបរមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖