ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដឡិចស៊ីសបុករបាំងថ្មចែកទ្រូងខ្ទាតទៅប៉ះរថយន្ដតាក់ស៊ីខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដឡិចស៊ីសES300មួយគ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនពីរកង់ ខ្ទាតចេញពីគ្នាហើយរថយន្ដបង្កបានខ្ទាតទៅប៉ះជាមួយរថយន្ដតាក់មួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នារងការខូចខាតកញ្ចក់បន្តិបន្តួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាស្ថាន វ៉ាន់ ដា តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកឡិចស៊ីស ES300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2989 ខូចខាតដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរូច។ ចំណែករថយន្ដមួយគ្រឿងទៀត ជារថយន្ដតាក់ស៊ីរបស់ក្រុមហ៊ុន PNP ខូចខាតដាច់កញ្ចក់ខាងឆ្វេង និងកំពិតបន្តិចបន្តួច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មចំនួនពីរកង់ខ្ទាត ចេញពីគ្នាហើយរថយន្ដខូចខាតដាច់កាឡេកង់ និងខ្ទាតទៅប៉ះរថយន្ដតាក់ស៊ីមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នាបណ្ដាលខូចខាតដាច់កញ្ចក់ និងកំពិតបន្តិបន្តួច។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ខណ្ឌឲ្យចុះមកពិនិត្យកន្លែងកើតហេតុ។

បន្ទាប់ពីកម្លាំងជំនាញចរាចរណ៍ខណ្ឌចុះមកពិនិត្យកន្លែងកើតហេតុរួច ដោយមើលឃើញមានកាប៉ះពាល់ជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលជាសម្បត្តិរបស់សាលារាជធានីភ្នំពេញ ទើបទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឲ្យមកវាស់វែង យករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ចំណែករថយន្ដតាក់ស៊ីខាងម្ចាស់រថយន្ដព្រមយករថយន្ដទៅជួសជុលឲ្យស្អាតដូចដើមវិញ៕ ភារ៉ា ដង្កោ


ចែករំលែក៖