ភ្នំពេញ៖ យុវជនម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាក បើកកិនពាក់កណ្ដាលខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបង្កបើកគេចខ្លួនបាត់សម្រោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យុវជនរងគ្រោះដែលស្លាប់ឈ្មោះ ឈឹម ចាន់រះ អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិតាង៉ក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងជាម្ចាស់ម៉ូតូម៉ាកហង់ដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DC-4336 ។
យោងតាមសម្ដីបងស្រីយុវជនរងគ្រោះបានប្រាប់ទាំងទឹកភ្លែកថា មុនពេលកើតហេតុ ប្អូនរបស់គាត់(ជាជនរងគ្រោះ)បានមកពីលេងផ្ទះម្ដាយបង្កើតនៅឯគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ ហើយបំណងមកលេង និងសម្រាកផ្ទះគាត់(ផ្ទះបងស្រី)នៅម្ដុំផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ដោយជនរងគ្រោះធ្វើដំណើរឆ្លងកាត់ផ្លូវកើតហេតុខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូ និងកិនយុវជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្ដង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុក៏បានឲ្យដឹងដែរថា យុវជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើ ហើយត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកទៅប៉ះម៉ូតូជនរងគ្រោះកំពុងធ្វើដំណើរពីក្រោយបណ្ដាលឲ្យដួល ធ្វើឲ្យម៉ូតូខ្ទាតទៅកណ្ដាលទ្រូងផ្លូវ ចំណែកយុវជនរងគ្រោះខ្ទាតមកកណ្ដាលផ្លូវចំហៀងម្ខាង ស្របពេលនោះ ក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បើកមកពីក្រោយជ្រុលចង្កូតមកកិនពាក់កណ្ដាលខ្លួនជនរងគ្រោះកំពុងតែដួល បណ្ដាលឲ្យរបួស និងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កទាំងពីរគ្រឿងបានបើកគេចខ្លួនបាត់អស់ ដោយពុំមានអ្នកដេញតាមឡើយ ។ បន្ទាប់មក ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ ដោយឃើញមានបងប្អូនបង្កើត និងម្ដាយបង្កើតមកយំត្រសោបឱបកូន និងប្អូនទាំងក្ដីអាឡោះអាឡៃ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានធ្វើឯកសារប្រគល់សពជនរងគ្រោះ រួមទាំងម៉ូតូ ឲ្យទៅសាច់ញាតិក្រុមគ្រួសារដឹកយកទៅស្រុកកំណើតចាត់ចែង និងធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ