ភ្នំពេញ៖ បុរសម្នាក់ជាអ្នកប្រកបរបររត់តាក់ស៊ី តែដោយសារអត់ងងុយ ក៏ងោកមួយភាំងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខ ក្រសួងមហាផ្ទៃ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមសម្ដីបុរសម្នាក់ ដែលជាអ្នកបើករថយន្តតាក់ស៊ីឆយ ប្រភេទរថយន្តស៊េរីទំនើបម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-3759 បានបើកបរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ រូបគាត់បានងោកមួយភាំង ហើយក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយរូបគាត់ ក៏បានបោកក្បាលនឹងកញ្ចក់រថយន្តរបួសបែកក្បាលបន្តិចបន្តួចផងដែរ ដោយឡែករបាំងថ្មពុះចែកទ្រូងផ្លូវមិនរងការខូចខាតធ្ងន់នោះឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍មូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុរួចវាស់វែងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ