ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូទៅបុកជាមួយរ៉ឺម៉កសណ្តោងពីក្រោយបណ្តាលឲ្យស្លាប់នៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីបានបើកម៉ូតូទៅបុកជាមួយរ៉ឺម៉កមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៨និង៣០ នាទី នៅចំណុចលើផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រលេខ ៧៣-៧៤ ស្ថិតក្នុងភូមិទូលត្បែង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់បានឲ្យដឹងថា បុរស ដែលស្លាប់ខាងលើមានឈ្មោះ ឡុច ឈឺត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិជ្រេស ឃុំបឹងសាលាខាត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរមន្ត្រីឥន្ទទាន បើកបរម៉ូតូម៉ាក Honda Dream C 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-7232 បើកបរពីទិសខាងត្បូង លុះដល់ចំណុចកើតហេតុខាងលើបានទៅបុកជាមួយរ៉ឺម៉កមួយគ្រឿង ពីក្រោយពេញទំហឹង ដែលម៉ូតូរ៉ឺម៉កនោះម៉ាក Honda C 110 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវេង 1B-8125 ដែលបើកបរដោយឈ្មោះ ង៉េង វ៉ាន់ឆៃ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិតារឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ ដែលបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖