ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះទឹកជំនន់ មួយសប្តាហ៍ចុងក្រោយនេះបណ្តាលឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនរាប់ពាន់នាក់ នៅលើពិភពលោក

ចែករំលែក៖

ខ្យល់ព្យុះទឹកជំនន់បានវាយប្រហារនៅតំបន់ជាច្រើនជុំវិញពិភពលោកបណ្តាលឲ្យមានអ្នកស្លាប់ បាត់ខ្លួន និងរងរួសរាប់សិបពាន់នាក់ ព្រមទាំងបំផ្លាញទ្រទ្យសម្បត្តិជាច្រើន។ ភាគច្រើននៅតំបន់អាស៊ីរងការវាយប្រហារខ្លាំងជាងគេ ។

សារព័ត៌មាន BBCបានផ្សាយថា ព្យុះ Harvey បានធ្វើដំណើរចូលដល់ឆ្នេរសមុទ្រ រដ្ឋ តិចសាសអាមេរិក ដោយមានកម្លាំងខ្យល់់ខ្លាំង ។ ប្រសិនបើព្យុះនេះមិនបន្ថយកម្លាំងទេនោះ រដ្ឋតិចសាស់ អាមេរិក និងរងការបំផ្លាញយ៉ាងធំធេង។

ព្យុះHarveyដែលបច្ចុប្បន្នកំពុងវត្តមាននៅ៣កន្លែងផ្សេងគ្នា នៅក្នុងឈូងសមុទ្រ នៃប្រទេសមិចស៊ិចកូ និងធ្វើដំណើរមកដល់ឆ្នេរ នៃរដ្ឋតិចសាស់នៅត្រឹមល្ងាចថ្ងៃសុក្រ ឬព្រឹកថ្ងៃសៅរ៍នេះ ហើយអជ្ញាធរកំពុងប្រកាសសុំជំនួយបន្ថែមពីរដ្ឋាភិបាលដើម្បីត្រៀមទុក ហើយជឿជាក់ថា វានឹងក្លាយទៅជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតរបស់អាមេរិក ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។

កម្លាំងព្យុះដែលមានល្បឿងបោកបក់ ដល់ទៅ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង នឹងអាចធ្វើឲ្យមានការប៉ះពាល់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋអាមេរិកព្រមទាំងទឹកជំនន់ ជាពិសេសនៅតាមតំបន់ជុំវិញទីក្រុង Houston ហើយជឿជាក់ថា ទឹកប្រាក់រាប់ពាន់លានដុល្លារ នឹងត្រូវខាតបង់។

ចំណែកនៅក្នុងប្រទេសចិនវិញ ព្យុះ Hatoបានសម្លាប់មនុស្ស ១២នាក់ ។ នៅពេលនេះ ព្យុះហាទោ បានបោកបក់ យ៉ាងខ្លាំងនៅតំបន់ ភាគខាងត្បូងប្រទេសចិន និងបានបោកបក់ មកលើទីក្រុងម៉ាកាវ ។

មនុស្សចំនួន ៨នាក់បានស្លាប់ នៅក្នុងក្រុងបនល្បែងម៉ាកាវមួយនេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបានបង្ហាញអំពីរថយន្តជាច្រើនបានលិចលង់ដោយសារទឹកភ្លៀងជន់លិចពលរដ្ឋជាច្រើននាំគ្នាហែលឆ្លងទឹកដែលលិចនៅលើដងវិថី ។

ដោយឡែកនៅក្នុងប្រទេសឥណ្ឌាវិញ គ្រោះទឹកជំនន់បង្កឡើងដោយសម្ពាធទាបសីតណ្ហភាពបណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្សកើនឡើងដល់៣៩៣នាក់។ ភាគច្រើនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលបន្តកើតមានឡើងនៅរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា ។

កម្រិតទឹកនៅទន្លេBurhiGandak និងBagmatiបានហូរយ៉ាងខ្លាំងបង្កគ្រោះថ្នាក់ និងបង្កជន់លិចនៅតំបន់ជាច្រើន ។មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយមួយរូបបាននិយាយថា “ស្ថានភាពទឹកជំនន់ បានកើតឡើងនៅស្រុក Muzaffarpur, Samastipur និងស្រុកDarbhanga” ។ គ្រោះទឹកជំនន់បានបង្កឲ្យរងនូវផលប៉ះពាល់ ដល់ពលរដ្ឋប្រមាណ១៧លាននាក់ នៅក្នុងស្រុកចំនួន២១ ។

ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីភាគខាងត្បូងកំពុងរងការវាយប្រហារដោយគ្រោះទឹកជំនន់ ដូជជាបង់ក្លាដេសនេបាល ជាដើម។ នៅក្នុងតំបន់ អាស៊ីភាគខាងត្បូងមានអ្នកស្លាប់ដល់ទៅ១២០០នាក់ ហើយ។ខណៈក្រុមអ្នកសង្គ្រោះកំពុងបន្តជួយដល់ជនរងគ្រោះរាប់លាននាក់ដែលត្រូវការជំនួយដោយសារគ្រោះមហន្តរាយនៅក្នុងឆ្នាំនេះ។

ប្រទេសទាំងនោះបានរងគ្រោះដោយសារទឹកជំនន់ជាញឹកញាប់ នៅរដូវវស្សាគិតពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែទីភ្នាក់ងារមនុស្សធម៌អន្តរជាតិបានឲ្យដឹងថាអ្វីៗ ដែលបានកើតឡើងនៅក្នុងឆ្នាំនេះពលរដ្ឋរាប់ពាន់នាក់នៅក្នុងភូមិជាច្រើនជួបនឹងបញ្ហាទឹកស្អាតប្រើប្រាស់ជាច្រើនថ្ងៃ និងបញ្ហាស្បៀងផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖