ខេត្តព្រះសីហនុ៖ ជនជាតិរុស្សុីម្នាក់ដែលគេសង្ស័យខូចប្រព័ន្ធប្រាសាទព្រោះតែការផឹកស្រាច្រើន បានបោកដបស្រារបស់ខ្លួនអារដៃ ធ្វើទារុណកម្មខ្លួនឯងរហូតហូរឈាមខ្សោះខ្លួនស្លាប់នៅក្នុងផ្ទះ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលក្នុងបុរី BS ស្ថិតក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
តាមប្រពន្ធជនរងគ្រោះឈ្មោះ Bakhankova svetlana ជាជនជាតិរុស្សុីដូចគ្នាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Pavlenok sergri ជាជនជាតិរុស្សុី កើតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៧១ កាន់លិខិតឆ្លងដែនលេខ 726057433 ។
ប្រពន្ធជនរងគ្រោះបានឲ្យដឹងទៀតថា នៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែសីហា ជនរងគ្រោះបានទិញស្រាវុីស្គីចំនួន៣ដប យកមកផឹកបន្ថែម រហូតដល់ម៉ោង១១យប់ ថ្ងៃដដែល ហើយក៏បានរករឿងឈ្លោះជាមួយនឹងគាត់ជាប្រពន្ធ ហើយគាត់ក៏ខឹងចង់រត់ចេញពីផ្ទះឈប់នៅជាមួយ។ ពេលនោះ ស្រាប់តែជនរងគ្រោះយកដបស្រាបោកទៅនឹងជញ្ជាំងផ្ទះឲ្យបែក រួចយក.កដកនោះអារដៃខ្លួនឯង។ រហូតដល់ម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាននេះក៏ចុះទៅបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយសារការហូរឈាមច្រើនពេក។
មន្ត្រីជំនាញធ្វើកោសល្យវិច័យ និងគ្រូពេទ្យបានពិនិត្យលើស្នាមមុខរបួស និងកដបដែលបែក ហើយបានសន្និដ្ឋានថា ករណីនេះជាករណីជនរងគ្រោះធ្វើទារុណកម្មខ្លួនបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់ទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីស្ថានទូតរុស្សីុប្រចាំនៅប្រទេសកម្ពុជា៕ ឆ្លាម សមុទ្រ