ខេត្តកណ្តាលៈ បុរសជនជាតិចិនម្នាក់ត្រូវបាន សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្នុងបន្ទប់លេខ៣០៦ជាន់ទី៣ សណ្ឋាគារត្រានីកា ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីបុរសជនជាតិចិនរូបនេះប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ (Gateway-VOIP) ។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកណ្តាលបានឲ្យដឹងថា បុរសជនជាតិចិន ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ZHU CHULE ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខG51567813 ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន៖ ឧបករណ៍បន្ទះស្តើង ពណ៌ខៀវចំនួន០៤បន្ទះ ក្នុង០១បន្ទះមានអង់តែន ពណ៌ខ្មៅចំនួន០៨ដើម ,ឧបករណ៍មានភ្លើង ពណ៌បៃតង ទទួលខ្សែពីអង់តែនចំនួន០១ ,ឧបករណ៍ ពណ៌ ស ម៉ាកKing tel មានភ្លើងតូច០៥គ្រាប់ ចំនួន០១ ,វ៉ាលី ពណ៌ខៀវក្រម៉ៅ មានដៃអូសចំនួន០១ និងម៉ូតូ០១គ្រឿង ម៉ាក ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1R-2104 ។
ប្រភពដដែលបានបន្តថា ក្រោយពីទទួលពាក្យបណ្តឹងពីតំណាងសណ្ឋាគារត្រានីកាថាមានការសង្ស័យទៅលើបុរសជនជាតិចិនដែលមកជួលបន្ទប់សណ្ឋាគារស្នាក់នៅរួចមក សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល សហការជាមួយនគរបាលក្រុងតាខ្មៅ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត បានធ្វើការស្រាវជ្រាវ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
តំណាងសណ្ឋាគារត្រានីកាបានឲ្យដឹងថា នៅថ្ងៃអាទិត្យទី២៧ បុរសជនជាតិចិនខាងលើនេះបានមកជួលបន្ទប់ស្នាក់នៅ ក្រោយពីយកអីវ៉ាន់ចូលទៅក្នុងបន្ទប់ បុរសជនជាតិចិនរូបនេះបានជិះម៉ូតូចេញទៅខាងក្រៅបាត់មួយយប់មិនឃើញចូលមកស្នាក់នៅក្នុងបន្ទប់ដែលបានជួល ដោយមានការសង្ស័យ ទើបគាត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ បុរសជនជាតិចិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធប៉ុនប៉ងតម្លើងឧបករណ៍ ច្រកចេញចូល ប្រព័ន្ធទូរគមនាគមន៍ (Gateway-VOIP) ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ