កម្លាំងទាហានអាកាសកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធជាបន្ទាន់មួយ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល នៅព្រឹកថ្ងៃទី២៩ ខែសីហា ។ នៅក្នុងការធ្វើសមយុទ្ធនោះ កូរ៉េខាងត្បូងបានប្រើប្រាស់ទាំង គ្រាប់ បែកដែលមានកម្លាំងបំផ្លាញខ្លាំងទៀតផង។
យន្តហោះចម្បាំង ៤គ្រឿង ប្រភេទ F-15 បានទម្លាក់គ្រាប់បែក ប្រភេទ MK-84 ទៅលើគោលដៅ នៅតំបន់ជិតឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ។ សារព័ត៌មាន Fox News បានដកស្រង់សម្តី អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង Park Su Hyun បានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែសីហាថា គ្រាប់បែកដែលយន្តហោះ ទម្លាក់ នោះមាន កម្លាំងបំផ្លាញស្មើនឹង ១តោន TNT ។ នៅពេលនេះដែរ អាមេរិក និងកូរ៉េខាងត្បូង រួមទាំងជប៉ុនផងដែរ បានពិភាក្សាគ្នាលើបញ្ហាទាំងនេះ ។
កូរ៉េខាងជើង បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះសកម្មភាពធ្វើសមយុទ្ធរួមរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយកូរ៉េខាងជើង ចាត់ទុកថា ជាសកម្មភាព ប៉ុនប៉ងឈ្លានពានទឹកដីកូរ៉េខាងជើង។
សកម្មភាពថ្មីនេះ នឹងធ្វើឲ្យឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងភាពតានតឹងជាថ្មី ក្រោយពេលតានតឹងដាក់គ្នា ដល់កម្រិតកំពូល ប៉ុន្តែ ត្រូវថយចុះវិញ ដោយកូរ៉េខាងជើង ផ្អាក់ គម្រោងវាយប្រហារទៅលើកោះ Guam របស់អាមេរិក ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ចិន បានអនុវត្តការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដោយមិនបន្តទិដ្ឋាការថ្មីដល់កម្មករកូរ៉េខាជើង ដែលកំពុងនៅតាមភោជនីយដ្ឋានក្នុងប្រទេសចិនឡើយ។
កាសែតកូរ៉េខាងត្បូង ChosunIlbo បានរាយការណ៍ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុង ប៉េកាំង បានបញ្ជាក់ថា សហគ្រាស និងបុគ្គលកូរ៉េខាងជើង នឹងមិនអាចបង្កើត វិនិយោគទុនរួមគ្នា ឬក៏បង្កើតអង្គភាពបរទេស មានមូលដ្ឋាននៅប្រទេសចិនបានទេ។
គួរបញ្ជាក់ផងដែរថា យោងតាមទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា មានកម្មករកូរ៉េខាងជើង ប្រមាណ១៩ពាន់នាក់ នៅក្នុងប្រទេសចិន ហើយពួកគេភាគច្រើនមិនមែនជាបុគ្គលិកផ្នែកសេវាកម្មទេ ប៉ុន្តែគឺត្រូវបានបញ្ជូនឲ្យធ្វើការនៅរោងចក្រ ដែលតាមសេចក្តីរាយការណ៍ប្រាក់ខែពួកគេភាគច្រើន ត្រូវ បញ្ជូនទៅរដ្ឋាភិបាលរបស់ គីម ជុងអ៊ុន៕ ម៉ែវ សាធី