ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកដឹកទំនិញចោទជញ្ជីងថ្លឹងរថយន្តលើផ្លូវវេងស្រេងក្បែរផ្សារចោមចៅថាគ្មានច្បាប់និងជំរិតទារលុយឆៅៗតាមចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នករកស៊ីដឹកទំនិញតាមរថយន្តក៏ដូចជាអ្នករត់តាក់ស៊ីតាមបណ្ដោយ ផ្លូវជាតិលេខ៣-៤កាលពីពេលថ្មីៗនេះបានសម្ដែងប្រតិកម្មដោយចោទប្រកាន់ជញ្ជីង ថ្លឹងរថយន្តមួយកន្លែងមានទីតាំងស្ថិតនៅក្បែរផ្សារចោមចៅជិតរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ថា ពុំមានច្បាប់និងបានជំរិតទារលុយពីពួក គាត់ឆៅៗរាប់ឆ្នាំមកហើយ ។

ក្រុមអ្នកប្រកបមុខរបរតាមរថយន្តទាំងនោះបានលើកឡើងថា តាមដែលពួកគាត់ ដឹងជញ្ជីងខាងលើជារបស់ឯកជនមិនមែនរបស់រដ្ឋនោះទេ។ ជារៀងរាល់ថ្ងៃគេឃើញមនុស្សមួយក្រុមប្រចាំការនៅទីនោះ២៤ម៉ោងលើ២៤ម៉ោងដើម្បីយកលុយពីរថយន្ត ដោយពុំមានការលើកលែងឡើយ។ ពួក គេបានយកលុយក្នុងតម្លៃដូចៗគ្នាដោយ មិនគិតពីរថយន្តដឹកធ្ងន់ ឬស្រាលឡើយ ឲ្យតែបើកឆ្លងកាត់ ។

ប្រភពបានបន្ថែមថា កាលពីមុនក្រុម ជញ្ជីងនេះអះអាងថា ពួកគេយកលុយ សម្រាប់ជួសជុលផ្លូវវ៉េងស្រេងដែលជាផ្លូវឯកជនតែឥឡូវផ្លូវវេងស្រេងត្រូវបានប្រមុខរាជរដ្ឋាភិបាលដកមកជាផ្លូវរបស់រដ្ឋវិញហើយ ដូច្នេះជញ្ជីងមួយនេះគួរតែដកចេញ។

ជុំវិញករណីខាងលើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានថ្លែងទទួលស្គាល់ថា ជញ្ជីងនៅទីតាំងខាងលើគឺពុំមានច្បាប់នោះទេ គ្រាន់តែជាការត្រូវរ៉ូវគ្នារវាងអតីតអភិបាលក្រុងមុនៗ ។

យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងចំណាត់ ការលោកបញ្ជាក់ថា លោកមិនមានចំណាត់ ការអ្វីនោះទេ ព្រោះម្ចាស់ជញ្ជីងខុសច្បាប់នោះជាមន្ត្រីធំនៅក្រសួងមហាផ្ទៃមានតែក្រសួងសាធារណការនិងដឹកជញ្ជូនតែ ប៉ុណ្ណោះទើបអាចចាត់ការបាន ៕ ហេង សូរិយា


ចែករំលែក៖