ភ្នំពេញ: ទ្រឹស្តីមួយឃ្លាបានចែងថា ” ប្រព្រីត្តល្បែងតែងតែវិនាស ” ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លើកយកមកធ្វើជាប្រធានបទដើម្បីជាជំនួយស្មារតីដល់ប្រជាពលរដ្ឋនៅក្នុងមូល កុំអោយប្រព្រិត្តល្បែងស៉ីសងគ្រប់ប្រភេទ ព្រោះធ្វើប៉ះពាល់ដល់សីលធម៍សង្គម បំផ្លាញជីវភាពក្នុងគ្រួសារ ហើយប្រឈមមុខទៅហ្នឹងផ្លូវច្បាប់ថែមទៀតផង ។
នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមកចូលរួមក្នុងកម្មវិធីស្ថាបនាសមិទ្ធិផលថ្មីលើទឹកដីសង្កាត់វាលស្បូវ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានអង្វរក ដល់ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅទាំងមូល សុំកុំលេង ល្បែងស៉ីសងគ្រប់ប្រភេទ ជាពិសេសល្បែងកន្ទុយលេខអោយសោះ ព្រោះការលេងល្បែងនេះ វាគ្មានរីកចំរើនដល់គ្រួសារទេ គឺមានតែហិនហោចដល់ទ្រព្យសម្បត្តិក្នុងផ្ទះ និង ប្រាក់កាសដែលរកបាន ធ្វើអោយស្ថានភាពគ្រួសារកាន់តែក្រីក្រទៅៗ។ លោកបានបន្តថា គេមិនដែលឃើញអ្នកលេងកន្ទុយលេខណាម្នាក់ មាននោះទេ គឺមេកត់កន្ទុយទេ ដែលមាន។ ការវក់លេងនឹងល្បែងកន្ទុយលេខ បើចាក់ត្រូវម្តងក្នុង១ខែ ល្បីពេញភូមិសង្កាត់ តែបើខុសស្ទើររាល់ថ្ងៃនោះគឺស្ងាត់ឈឺង។ លោកបានបញ្ជាក់ថា៖ ចាប់ពីពេលនេះទៅ រដ្ឋបាលខណ្ឌ សង្កាត់ មិនបណ្តែតបណ្តោយអោយកើតមានបញ្ហា ល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានទៀតទេ ប្រជាពលរដ្ឋអាចរាយការណ៍ដោយផ្ទាល់មករដ្ឋបាលខណ្ឌ បើសិនជាដឹងថា មាននរណាម្នាក់រកស៊ីកត់កន្ទុយលេខខុសច្បាប់ ខណ្ឌនឹងមានវិធានការចុះបង្រ្កាបភ្លាម។
ប្រសាសន៍ជំនួយស្មារតីក្នុងន័យអប់រំរួមចំណែកក្នុងការលើកស្ទួយសីលធម៍សង្គមនេះបានថ្លែងនៅគ្រាដែលលោកអភិបាលខណ្ឌអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ទៅកាន់សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដែលផ្លូវបេតុង១ខ្សែស្ថាបនាក្រោមគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧ មានប្រវែង៣៣៥ម ទទឹង ៥ម ។ ផ្លូវនេះគឺជាផ្លូវ សំខាន់មួយ សំរាប់តភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្ពោះទៅសង្កាត់ព្រែកថ្មី និង សង្កាត់ព្រែកប្រា។ ក្រោយពីស្ថាបនារួចរាល់ហើយ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ សង្កាត់ព្រែកថ្មី និង សង្កាត់ព្រែកប្រា ពិតជាមានភាពងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ឆ្ពោះមកផ្លូវជាតិលេខ១ ឬ ពីផ្លូវជាតិលេខ១ ទៅកាន់សង្កាតព្រែកថ្មី និងសង្កាត់ព្រែកប្រា ដើម្បីបញ្ចៀសការកកស្ទះចរាចរ ។
នៅក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានណែនាំដល់ ក្រុមហ៊ុនដែលបានសិទ្ធអនុវត្តគម្រោងត្រូវស្ថាបនាស្របទៅតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃសំណង់អោយបានត្រឹមត្រូវកុំធ្វើអោយរួចតែពីដៃ ថ្ងៃក្រោយក្រុមហ៊ុននោះនឹងបាត់កេរឈ្មោះជាមិនខាន ។ ជាមួយគ្នានេះលោកអភិបាលក៍បានស្នើអោយប្រជាពលរដ្ឋដែលរស់នៅអមសង្ខាផ្លូវត្រូវចូលរួមតាមដានការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុង១ខ្សែថ្មីនេះដើម្បីធានាបាននូវគុណភាព ទុកជាគុណប្រយោជន៍រួមសម្រាប់ប្រើប្រាស់រយះពេលយូរ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ៕ សណ្តោស