ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធខេត្ត សហការជាមួយកម្លាំង មូលដ្ឋាន ដឹកនាំ ដោយលោក វរសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានចុះឃាត់រថយន្តដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន ហ្គីស្តាល់ ពីសៀមរាប ទៅភ្នំពេញ ដោយមានការសង្ស័យ ទើបកម្លាំងជំនាញ សុំឆែកឆេរ ឃើញបទល្មើសធនធានធម្មជាតិ(សត្វអណ្តើក) ភ្លាមៗ រួច យកមកប្រគល់ឲ្យមន្រ្តីព្រៃឈើ បាគង ខណៈពេលនោះ អ្នកបើកបរបានចុះរត់គេចខ្លួន បាត់ទាំងយប់ ពេលសមត្ថកិច្ចទៅដល់។ហេតុការណ៍នេះ បានធ្វើឡើង នៅវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២៩ ខែសីហា ស្ថិតនៅចំណុចភូមិស្ពានត្នោត ឃុំល្វែងឫស្សី ជាប់ព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និង ខេត្តកំពង់ធំ។
តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា មុនឈានដល់ឃាត់រថយន្តរបស់ក្រុមហ៊ុន ហ្គី ស្តាល់ ដឹកអ្នកដំណើរនេះ ដោយមានព័ត៌មានសម្ងាត់ថា មានរថយន្តកំពុងដាក់សត្វព្រៃ នៅមុខផ្សារជីក្រែងទាំងយប់ ហើយកំពុងចេញដំណើរទៅភ្មំពេញ ទើបកម្លាំងជំនាញខេត្ត បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង បានស្ទាក់ចាប់បាននៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប។ប្រភពបានបន្តថា ក្រោយពីឃាត់រថយន្តនោះ ពុំឃើញមានតៃកុងឡាននោះទេ រួចកម្លាំងយើងបើកយកមកទុកនៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត លុះព្រឹកឡើងថ្ងៃដដែល ទើបប្រគល់ឲ្យមន្ត្រីព្រៃឈើ បាគង ដើម្បីចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលកម្លាំងជំនាញចាប់បាន រួមមាន៖ ១/អណ្តើកតំកល់ចំនួន ២២ក្បាល ស្មើនឹង ១៥៦គីឡូក្រាម ២/ ត្រកួតចំនួន ០៥ក្បាល ស្មើនឹង ២០គីឡូក្រាម ៣/ រថយន្តក្រុងចំនួន ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3A-7541 របស់ក្រុមហ៊ុន ហ្គី ស្តាល់ អ៊ិចប្រេសដឹកអ្នកដំណើរ ។
បច្ចុប្បន្ន រថយន្ត ដឹកអ្នកដំណើរ និង វត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង ដើម្បីចាត់ការតាមនីច្បាប់៕ ប៊ុន រិទ្ធី