ព័ត៌មានទាន់ហេតុការណ៍៖

ការបាត់ខ្លួនយុវជនម្នាក់នៅពោធិ៍សាត់រកឃើញសាកសពហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈប្រទះឃើញសាកសពម្នាក់ បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល ២យប់ ២ថ្ងៃមកហើយនោះ ហើយត្រូវបានគេសង្ស័យជាករណីឃាតកម្ម ព្រោះទន្ទឹមនឹងបានខ្លួនយុវជនរូបនេះ គេរកឃើញកាណូតជនរងគ្រោះធ្វើដំណើរ ហើយនៅលើកាណូតទួលណឺវីស១ និងមានឈាមលាហយឡំជាមួយទឹកនៅក្នុងកាណូតនោះផង។

ហេតុការណ៍ប្រទះឃើញសាកសពយុវជនជាជនជាតិវៀតណាមខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ និង០០នាទីព្រឹកព្រលឹម ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចក្បែរខ្ទមលោកយាយ ស្ថិតក្នុងភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញសាកសពមន្រ្តីជំនាញចុះធ្វើការត្រួតពិត និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស លទ្ធផល៖ លើខ្លួនប្រាណសាកសពមានស្នាមរបួសចំនួន ១២កន្លែង ដោយខាងក្រោយខ្នងបោះដៃផុតផ្នែកខាងស្ដាំចំនួន ១កន្លែង និងខាងមុខចំនួន ១១កន្លែងទៀត ក្រោយធ្វើការពិនិត្យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមនីតិវិធី ចំពោះជនបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខឃាតក។

គួររំលឹកថា៖ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើល និងកើតឡើងនៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងក្រោយភូមិ ស្ថិតក្នុងភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាំ យាំុងស៊ុយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ(កន្លែងកើតហេតុ)។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា តាមការរាបរបពីស្រ្តីឈ្មោះ ង្វៀង ធីឡាង អាយុ ៣៧ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបាននិយាយថា កូនប្រុសរបស់គាត់(ជនរងគ្រោះ)បានចេញពីផ្ទះដោយកាណូតនៅម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រហូតដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា មិនឃើញត្រឡប់មកទៀត គាត់ក៍បានពឹងពាក់បងប្អូនក្បែងខាងឲ្យជួយដើររក លុះរកអស់ចិត្តនៅតែមិនឃើញទើបមកដាក់ពាក្យបណ្ដឹងសមត្ថកិច្ចរបស់លោក នៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ទើបសមត្ថកិច្ចចាត់កម្លាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះទៅតំបន់កើតហេតុដើម្បីរកបន្ត និងស្រាវជ្រាវបន្ថែម។

លោក វរសេនីយ៍ត្រី អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបន្តទៀតថា លទ្ធផល៖ សមត្ថកិច្ចរកឃើញកាណូតដែលម្ដាយជនរងគ្រោះបានអះអាងថា កាណូតនេះជាកាណូតកូនប្រុសគាត់ពិតប្រាកដ ហើយនៅក្នុងកាណូតមានទុលល្វីសចំនួន ១ រួមទាំងមានឈាមផងដែរ ចំណែកជនរងគ្រោះនៅតែមិនឃើញដដែល ករណីខាងលើកំពុងសហការគ្នាស្រាវជ្រាវបន្ត៕ ប៉ឹម ពិន


ចែករំលែក៖