ខេត្តតាកែវ៖ ល្បែងស៊ីសងគ្រប់ប្រភេទ កំពុងរីកលូតលាស់យ៉ាងអនាធិបតេយ្យពេញស្រុកអង្គរបូរី ជាពិសេសល្បែងជល់មាន់ ដែលសម្ថកិច្ចមិនមានការបង្រ្គាប។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងជល់មាន់កំពុងតែពេញនិយមលេងពីសំណាក់ក្រុមអ្នកញៀនល្បែងយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកអង្គរបូរីដោយពុំមានការអើពើបង្រ្កាបពីសំណាក់អាជ្ញាធរសោះឡើយ បែជាបណ្តោយឲ្យមានការលេងយ៉ាងសេរីហាក់ពុំមានការញញើតនឹងសមត្ថកិច្ចបន្តិចសោះ ដែលផ្ទុយទៅនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ហើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយមើលទៅទើបល្បែងជល់មាន់នេះកើតមានពេញស្រុកពេញភូមិពុំមានការបង្រ្កាបដូច្នេះ។ បើយោងតាមម្ចាស់សង្វៀនមួយកន្លែងបានបង្ហើបឲ្យដឹងថា រូបគេបានបង់ឲ្យទៅគ្រប់ច្រកអស់ហើយទើបអាចលេងបានដូចនេះ។
ជុំវិញករណីខាងលើ ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី បានឲ្យដឹងថា លោកក៏លឺប្រជាពលរដ្ឋនិយាយដូចច្នេះដែរ ប៉ុន្តែនៅពេលដែលលោកដឹកនាំកម្លាំងចុះទៅគឺមិនមានឃើញនោះទេ ហើយលោកនឹងឲ្យកម្លាំងស្រាវជ្រាវ បើឃើញថាមាននឹងបង្រ្កាបភ្លាម ៕ ភ្នំដា