ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះបង្រ្កាបបទល្មើសនេសាទនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះ រួមមាន ខណ្ឌរដ្ឋបាលជលផលសៀមរាប បានសហការណ៍ជាមួយ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស និង សង្កាត់រដ្ឋបាលជលផល ភ្នំក្រោម សរុបចំនួន០៧នាក់និងកាណូតចំនួន០២គ្រឿង បានចេញប្រតិបតិ្តការ បង្ក្រាបបទល្មើសជលផលនេសាទ​ខុសច្បាប់ ស្ថិតនៅចំណុចខាងលិចទួលតាដួង សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។

តាមប្រភពពីមន្ត្រីរដ្ឋបាលជលផលខេត្តបានប្រាប់ថា ដោយមានបទបញ្ជា ពីលោក ទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងមានការសហការល្អពីបង​ប្អូន​អ្នកនេសាទមួយចំនួន ទើបលោកបានឲ្យកម្លាំងជំនាញយើងចុះធ្វើការបង្រ្កាបបានបទល្មើស នេសាទ ខុសច្បាប់ ជាច្រើនលើក ច្រើនសារ មកហើយ ប៉ុន្តែ ហាក់បីដូចជាម្ចាស់ដឹងខ្លួនមុន ទើបមិនដែលចាប់បានម្តង សោះ ។​ប្រភពបានបន្តថា ជាក់ស្តែង នៅរសៀលថ្ងៃទី៣០ខែសីហា កម្លាំងយើងបានចុះប្រតិបត្តិបាន​វត្ថុតាង​រួមមាន៖-ឧបករណ៍បចំនួន០៩គ្រឿង-របាំងសាច់អួនប្រវែង៥២០ម៉ែត្រ-ចំរឹងចំនួន៧៥០ដើម-ព្រលែងត្រីចម្រុះចំនួន២៣គីឡូក្រាម ចូលទៅទឹកបឹងធម្មជាតិវិញ។

សូមបញ្ជាក់ផងដែរថា មន្ត្រីជលផល សូមឲ្យបងប្អូន ដែលប្រព្រឹត្តបទល្មើស នៅក្នុងបឹង​ទន្លេ​សាទ កំពុងធ្វើចរាចរណ៍បទល្មើសនេសាទខុសច្បាប់ ដែលរដ្ឋាភិបាល​បានហាមឃាត់​នោះ សូមបែរមកចូលរួមអភិរក្សធនធានធម្មជាតិរបស់យើងឲ្យមាននិរន្តរភាព ហើយ ការអភិរក្ស គឺផ្តើមចេញពីការចូលរួមរបស់យើងទាំងអស់គ្នា៕ ប៊ុន​ រិទ្ធី


ចែករំលែក៖