ខេត្តកណ្ដាល៖ បុរសជនជាតិចិនម្នាក់ដែលលួចដំឡើងប្រព័ន្ធអ៊ីនធឺណិតបម្រើឲ្យការចាប់ជំរិតនៅសណ្ឋាគារត្រានីកា ក្រុងតាខ្មៅ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី៣១ ខែសីហា នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។
មន្ត្រីតុលាការ ថ្លែងថា ការសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្ន នេះ បន្ទាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ពីបទ បង្កើតប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលដំណើរការជាមួយបណ្តាញទូរគមនាគមន៍សម្រាប់ប្រើប្រាស់ក្នុងគោលបំណងគេចវេះពីការទូទាត់ប្រាក់និងកេងចំណេញលើបរិមាណនៃការផ្តល់សេវាទូរគមនាគមន៍ ប្រព្រឹត្តនៅចំណុចសណ្ឋាគារ ត្រានីកា ក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ តាមមាត្រា៨៥នៃច្បាប់ស្តីពីទូរគមនាគមន៍។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល ។
លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងខេត្ត និងជាប្រធានការិយាល័យនគរបាលកណ្ដាលព្រហ្មទណ្ឌខេត្តកណ្ដាល ធ្លាប់ប្រាប់ថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់លេខ៣០៦ ជាន់ទី៣ សណ្ឋាគារ “ត្រានីកា”ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបដោយមានការសម្របសម្រួលពី ព្រះរាជអាជារង លោក ទិន សុចិត្រា។
លោកឧត្តមសេនីយ៍ត្រីស្នងការរង បញ្ជាក់ថា ជនជាតិចិនដែលបង្ក្រាបបាននេះ ឈ្មោះ ZHU CHULE អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G-51567813 ដោយក្នុងនោះដកហូតបាន ឧបករណ៍បន្ទះស្តើង ក្នុង០១បន្ទះ មានអង់តែន, ឧបករណ៍មានភ្លើងទទួលខ្សែ ពីបន្ទះស្តើង, ឧបករណ៍ ម៉ាក Kingtel, ម៉ូតូ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1R-2104។
បើតាមការរៀបរាប់ពី មេការសណ្ឋាគារបំភ្លឺថា ជនជាតិចិនខាងលើបានជិះម៉ូតូ ម៉ាក Click ពណ៌ឈាមជ្រូក មកជួលសណ្ឋាគារត្រានីកា បន្ទប់លេខ៣០៦ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១១៖៣០នាទី។ លុះដល់ម៉ោង០៤៖១៧នាទី ជនសង្ស័យខាងលើ បានចាកចេញដោយមធ្យោបាយដដែល ហើយមិនបានត្រឡប់មកវិញឡើយ។
ស្នងការរងបន្ថែមថា ដោយបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញដឹកនាំដោយ លោកអធិការនគរបាលក្រុងតាខ្មៅ បានចុះធ្វើកិច្ចការស្រាវជ្រាវបន្ត តាមឃ្លាំមើល ជាមួយមេការសណ្ឋាគារ ត្រានីកា។ លុះវេលាម៉ោង ០៧៖០០នាទី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ បានវិលត្រឡប់ចូលមក ដល់សណ្ឋាគារវិញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងឆែកឆេរបន្ទប់ចាប់យកវត្ថុតាង ឧបករណ៍ពាក់ព័ន្ធ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ចេស្តា