ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំ លើកទី៣

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំលើកទី៣ (3rd AAA Conference 2017) ក្រោមប្រធានបទ“ជំនាញអនាគត សម្រាប់អាជីពអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសាកលវិទ្យាល័យជាង២០ មកពីប្រទេសទាំង​៦ ក្នុងសមាគមន៍អាស៊ាន ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា៖ នេះគឺជាសន្និសីទសម្ព័ន្ធអប់រំអាស៊ានប្រចាំឆ្នាំលើកទី៣ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទនេះឡើង ក្នុងគោលបំណង៖

១-ដើម្បីស្វែងនូវជំនាញជាក់លាក់សម្រាប់អាជីពនាពេលអនាគត

២- ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធន៍ក្នុងចំណោមសមាជិកស្ថាបនិក AAA

៣- ដើម្បីដាក់បញ្ចូលនូវជំនាញពិតប្រាកដក្នុងទីផ្សារការងាររបស់អាស៊ាន

៤-ដើម្បីធ្វើអោយកិច្ចសហការកាន់តែស៊ីជម្រៅក្នុងចំណោមសមាជិកស្ថាបនិក AAA

៥- ដើម្បីកសាងសមត្ថភាពការងាររបស់សាស្ត្រាចារ្យមហាវិទ្យាល័យ និងសមាជិកសាកលវិទ្យាល័យ AAA

៦- ដើម្បីពង្រើកការយល់ដឹងរបស់និស្សិតចំពោះសមាគមអាស៊ាន

សន្និសទីសម្ព័ន្ធអប់រំអាស៊ានលើកទី១ ត្រូវបានបង្កើតឡើង និងសម្ពោធជាផ្លូវការនាខែមិថុនា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ Suan Sunandha Rajabhat ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ និងលើកទី២ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថាន EASB (East Asia Institute of Management )ប្រទេសសិង្ហបុរី។

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ​លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក៏​បាន​ថ្លែង​អំ​ណរ​គុណ​ដល់​លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ដែលខិតខំរៀបចំកម្មវិធីសន្និសីទជាលក្ខណៈអន្តរជាតិនេះឡើង ដែលជាកិត្តិយសមួយសម្រាប់ប្រទេសយើង និងជាពិសេសក៏សូមអរគុណគណៈប្រតិភូដែលជាសមាជិកស្ថាបនិករបស់ AAA និង​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសហការរៀបចំកម្មវិធី និងមានការសម្របសម្រួលជាមួយក្រសួងអប់រំក្នុងការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង។ លោក បានមានប្រសាសន៍បន្ថែមទៀតថា នេះគឺជាប្រធានបទដ៏សំខាន់មួយ “ជំនាញអនាគត សម្រាប់អាជីពអនាគត” នេះមិនមែនតែជាបញ្ហាសម្រាប់និស្សិតកម្ពុជាតែប៉ុណ្ណោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលត្រូវកសាងធនធានមនុស្សប្រកបដោយសមត្ថភាពជាមួយជំនាញដ៏ត្រឹមត្រូវសម្រាប់អាជីព ជាពិសេសសម្រាប់ឆ្លើយតបទៅនឹងបរិបទសាកលភាវូនីយកម្ម ក្នុងការប្រកួតប្រជែងការទីផ្សារការងារ។​ ក្នុងនោះផងដែរ ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនសេដ្ឋកិច្ចនៃគ្រួសារ សង្គម និងប្រទេសជាតិ។​​ ខ្ញុំសង្ឃឹមជឿជាក់ថា រាល់បទបង្ហាញរបស់វាគ្មិន នៅក្នុងសន្និសីទនេះ នឹងផ្តល់ចំណេះដឹង គំនិត និងចែករំលែកបទពិសោធន៍ ដល់អ្នកចូលរួមទាំងអស់។

ជា​ទី​បញ្ចប់​ ឯក​ឧ​ត្តម ​ប្រ​ធាន​គណៈ​អ​ធិប​តី​ ក៏​បានប្រកាសបើក​សន្និសីទសម្ព័ន្ធអប់រំអាស៊ានលើកទី៣ ឆ្នាំ២០១៧ ៕ ស រស្មី


ចែករំលែក៖