ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីកម្មករសំណង់នៃការដ្ឋានសាលាខណ្ឌដូនពេញចាស់ កំពុងធ្វើការកាយធ្និមសសរ ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យតែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ ស្ថិតនៅចំនុចការដ្ឋានសាលាខណ្ឌដូនពេញចាស់ នៅផ្លូវ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីកម្មករសំណង់ឈ្មោះហោ សាររឹត ភេទប្រុស អាយុ១៨ ជាអ្នកបើកអិចស្កាវិចទ័រ ដែលបានស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានធ្វើការកាយធ្និមសសរចាស់ដើម្បីបុកគ្រឹះសសរថ្មីស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន២គ្រាប់ ក៏បានរាយការណ៍ទៅសមត្តកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យភ្លាមៗផងដែរ ។
បន្ទាប់ពីទទួលដំណឹងថាមានករណីខាងលើនេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ បានចុះមកដល់កន្លែងកើតហេតុនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញខាងស៊ីម៉ាក់មកទទួលយកទៅរក្សាទុកដើម្បីចាត់តាមជំនាញ ហើយគ្រាប់បែកចំនួន២គ្រាប់នោះ ត្រូវបានអាជ្ញាធរសន្និដ្ឋានថា គ្រាប់នេះសល់តាំងពីសម័យសហរដ្ឋអាមេរិកទំលាក់គ្រាប់បែកចូលក្នុងប្រទេសកម្ពុជា ៕ស តារា