ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈដាក់ឲ្យដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ

ចែករំលែក៖

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានកាំកុងត្រូល បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការហើយសម្រាប់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ (Mobile Lab for Petroleum Products) ដែលមានតម្លៃសរុបជាង ១៥ម៉ឺនដុល្លារអាមេរិក ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ការដាក់ឲ្យ ដំណើររថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈ សបង្ហាញពីការគិតគូរយកចិត្តទុកដាក់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមអាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបអំពើក្លែងបន្លំនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា រថយន្តថ្មីនេះនឹងជួយ ពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូ ចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។

លោករដ្ឋមន្ត្រី បញ្ជាក់ទៀតថា នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តនេះ ត្រូវបានបំពាក់នូវឧបករណ៍សំខាន់ៗចាំបាច់ ដើម្បីពិនិត្យរកឃើញភ្លាមៗនូវប៉ារ៉ាម៉ែតគុណភាព និងបរិមាណប្រេង ដែលក្នុងនោះមានដូចជា៖ កម្រិតលំអៀងខុសគ្នានៃមាឌ (Volume) ដែលបាញ់បញ្ចូលក្នុង Reservoir យានយន្ត ចំណុះ០៥លីត្រ, ១០លីត្រ, ២០លីត្រ, និង៥០លីត្រ, ដង់ស៊ីតេ, Color,សន្ទស្សនៃចំនួនអុកតានរបស់ប្រេងសាំង ប្រេងម៉ាស៊ូត, កម្រឹតនៃការហួតហើរ (Volatility) របស់ប្រេងសាំង និងក្នុងករណីមានការតម្រូវចាំបាច់មន្ទីរពិសោធន៍នឹងបូម យកគំរូប្រេងម៉ាស៊ីន ដើម្បីវាយតម្លៃអំពីគុណភាពដែលអះអាងនៅលើស្លាកសញ្ញាទៅតាមយថាប្រភេទ ប៉ារ៉ាម៉ែត្រផ្សេងៗទៀត។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់បងប្អូនដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយទាំងអស់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្ទាល់ សូមចូលរួមសហការជាមួយមន្រ្តីជំនាញកាំកុងត្រូល ដើម្បីធ្វើយ៉ាងណាធានាការពារផលប្រយោជន៍របស់ ប្រទេសជាតិទាំងមូលផងដែរ។

សូមបញ្ជាក់បន្ថែមថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល គ្រោងនឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទ ដូចជា៖ ប្រេងប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែក ចាយប្រេងឥន្ធនៈទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេង ឥន្ធនៈប្រកបដោយគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និង រក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា៕ ស តារា


ចែករំលែក៖