ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃុំមន្ត្រីធនាគារអេស៊ីលីដាម្នាក់ករណីលួចប្រាក់តាម ATM ១០ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកផ្នែកទីផ្សារ និងគ្រប់គ្រងប្រព័ន្ធកាតអេធីអឹមម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះដាក់ឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទលួចពាក់ព័ន្ធករណីលួចប្រាក់ចំនួន១០មុឺនដុល្លារពីធនាគារតាមរយៈកាតអេធីអឹម ។

ជនជាប់ចោទមានឈ្មោះ លាង សារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជាបុគ្គលិកផ្នែកទីផ្សារនិងគ្រប់គ្រងការផលិតកាតអេធីអឹម របស់ធនាគារអេស៊ីលីដាមានទីតាំងធំនៅក្បែរក្រសួងព័ត៌មានស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក លាង សារ៉ា ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្នទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញរង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០សីហា ឆ្នាំ២០១៧ នៅក្នុងធនាគារអេស៊ីលីដា ។

ក្រោយឃាត់ខ្លួននៅថ្ងៃទី៣១សីហា នគរបាលបានកសាងសំណុំរឿងបញ្ជូន មកសាលាដំបូងប្រគល់ខ្លួនជនសង្ស័យឲ្យព្រះរាជអាជ្ញាសាកសួរ។ ក្នុងនោះបន្ទាប់ពីសាកសួរតំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ លាង សារ៉ា ពីបទលួច ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទ ឲ្យចៅក្រមសម្រេចតាមនីតិវិធី ។

ក្នុងនោះ នាព្រឹកថ្ងៃទី ៣១សីហាដដែល លោកចៅក្រម លាង សំណាត់ ចៅក្រមសើបសួរក្នុងសំណុំរឿងបានចេញដីកា សម្រេចដាក់ឃុំខ្លួនជនត្រូវចោទក្នុងពន្ធ នាគារព្រៃសជាបណ្ដោះអាសន្នតាមការចោទប្រកាន់របស់តំណាងអយ្យការ ។

ពាក់ព័ន្ធករណីលួចប្រាក់ច្រើនសន្ធឹកសន្ធាប់ពីធនាគារអេស៊ីលីដានេះសមត្ថកិច្ច បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១២ កន្លងទៅឈ្មោះ លាង សារ៉ា មានតួនាទីជាមន្ត្រីផ្នែកគ្រប់គ្រងទិនន្ន័យលេខកូដសម្ងាត់កាតអេធីអឹមរបស់ធនាគារអេសុីលីដា។ ក្នុងតួនាទីនេះ ជនសង្ស័យបានលួចផលិតកាតអេធីអឹមមួយផ្ទាល់ខ្លួន ដើម្បីលួចដកប្រាក់ពីទូអេធីអឹមរបស់ធនាគារអេសុីលីដាបន្តិចម្ដងៗរាប់ឆ្នាំមកហើយដោយពុំមាន នរណាម្នាក់ដឹងទាល់តែសោះ។ រហូតមក ដល់ឆ្នាំ២០១៧នេះការបាត់បង់ប្រាក់មានទំហំធំទើបផ្នែកជំនាញបានតាមដានការប្រើប្រាស់លេខកូដអេធីអឹមរបស់បុគ្គលិកធនាគារផ្ទាល់ទើបរកឃើញថា ឈ្មោះលាង សារ៉ា បានប្រើលេខកូដពិសេសក្នុងការ លួចដកប្រាក់ពីធនាគារ ទើបធនាគារប្ដឹង មកសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ។

ប្រឈមមុខការចោទប្រកាន់ពីបទលួចប្រាក់នេះ ឈ្មោះ លាង សារ៉ា បានសារភាព ថាខ្លួនគេពិតជាបានលួចដកប្រាក់របស់ ធនាគារមែន ប៉ុន្តែចំនួនទឹកប្រាក់ដែលលួចបានមានប្រហែលជា៦មុឺនដុល្លារប៉ុណ្ណោះ មិនមែន១០មុឺនដុល្លារដូចការចោទប្រកាន់នោះទេ ៕ ហេង នរិន្ទ្រ


ចែករំលែក៖