ខេត្តស្ទឹងត្រែង៖ ក្រុមការងារបង្ក្រាប បទល្មើសព្រៃឈើនៅក្នុងខេត្តស្ទឹងត្រែង ដែលដឹកនាំដោយព្រះរាជាអាជ្ញារងអម សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៧ បានបែកធ្លាយករណី ទារប្រាក់ពីប្រជាពលរដ្ឋម្ចាស់ឈើដើម្បី ធានាថា ឈើទាំងអស់នឹងមិនត្រូវបានរឹប អូសឡើយ ។
ការបែកធ្លាយរឿងអាថ៌កំបាំងនៃអំពើ ពុតត្បុតអាក្រក់របស់ក្រុមការងារដែលដឹកនាំដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងលោក គឹម ហុងសាន នៅពេលនេះតាមរយៈវិក្កយ បត្រផ្ទេរប្រាក់វីង២០០ដុល្លារមួយសន្លឹក បន្ទាប់ពីមានការឡោមព័ទ្ធផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិរាជានុកូល ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ ដើម្បីចាប់រឹប អូសយកឈើប្រណីតរក្សាទុកក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានចាត់ទុកករណីទារប្រាក់ពីម្ចាស់ឈើនេះថា ជារឿងដ៏ស្មោកគ្រោកបំផុតរបស់ក្រុមការងារ ដែលមានអ្នកចាប់ និងមានអ្នកទារប្រាក់។
ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ក្រុមការងារនេះបានទាមទារឲ្យម្ចាស់ឈើផ្ញើប្រាក់២០០ដុល្លារនេះតាមវីងគឺមិនអាច ឲ្យដោយផ្ទាល់ដៃបានទេហើយម្ចាស់ឈើក៏ម្នីម្នារត់ទៅដាក់លុយតាមវីងដើម្បីសុំពួកគេកុំរឹបអូសយកឈើទាំងនោះ ។
ចំពោះករណីទារប្រាក់ខាងលើលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានបដិសេធតាម ទូរស័ព្ទថា ចំពោះការទារលុយពីម្ចាស់ឈើ ដើម្បីជាថ្នូរនឹងការរក្សាទុកឈើខ្លះឲ្យម្ចាស់ផ្ទះនេះលោកមិនបានដឹងទេ ប៉ុន្តែលោកបាន បញ្ជាឲ្យចាប់រឹបអូសយកទាំងអស់។ លោក បានបន្តថាលោកនឹងស្រាវជ្រាវរកបុគ្គលណាដែលបានប្រព្រឹត្តទង្វើនេះដើម្បីឲ្យ ទទួលទោសតាមច្បាប់ ។
គួររំលឹកថា កាលពីថ្ងៃទី៣០ ខែសីហា លោកព្រះរាជអាជ្ញា គឹម ហុងសាន បាន ដឹកនាំកម្លាំងចាប់រឹបអូសយកឈើរក្សាទុកនៅក្នុងផ្ទះប្រជាពលរដ្ឋបានជាច្រើនរយដុំ និងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។ ប៉ុន្តែរហូតមកដល់ ពេលនេះមិនទាន់ដឹងច្បាស់អំពីបរិមាណ ពិតប្រាកដនៅឡើយទេ ។
សកម្មភាពស្ទាក់ចាប់ឈើប្រណីតខុសច្បាប់ និងជាកម្មសិទ្ធិរបស់ជនជាតិវៀតណាមនេះត្រូវបានធ្វើឡើងនៅត្រង់ចំណុចរង្វង់មូលអូរពងមាន់ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងដោយចាប់ខ្លួនបានយុវជនជាជនជាតិខ្មែរ២នាក់មកពីខេត្តត្បូងឃ្មុំ ជាអ្នកស៊ីឈ្នួលបើកបររថយន្តដឹកឈើឲ្យឈ្មួញវៀតណាមក្នុងទិសដៅឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
អ្នកបើកបរទាំង២នាក់នេះមានឈ្មោះ រ៉ា រីន ភេទប្រុស ជាអ្នកស៊ីឈ្នួលបើកបរ រថយន្តឲ្យឈ្មួញឈើវៀតណាម និងម្នាក់ ទៀតឈ្មោះ និល នន់ ដែលអ្នកទាំង២ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ចេញបញ្ជាឲ្យឃុំខ្លួនក្នុងពន្ធនាគារពីបទ ដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយ ខុសច្បាប់ ។
ក្រោយពីចាប់បុរសស៊ីឈ្នួលបើករថយន្ត ទាំង២នាក់នេះហើយរហូតមកដល់ពេលនេះតុលាការ និងមន្ត្រីអនុវត្តច្បាប់នៅក្នុងខេត្តស្ទឹងត្រែមិនទាន់ចាប់ខ្លួនម្ចាស់ឈើ ដែលជាជនជាតិវៀតណាមបាននៅឡើយ ខណៈអ្នកស៊ីឈ្នួលកំពុងដេកក្នុងគុកយ៉ាងវេទនា ។
ពាក់ព័ន្ធនឹងការចាត់វិធានការផ្នែកច្បាប់ដើម្បីបង្ក្រាបបទល្មើសព្រៃឈើនៅក្នុង ខេត្តនេះកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា បុរសម្នាក់ដែលអះអាងថា ជាអ្នកកាសែត នៅអង្គភាពតាព្រហ្មត្រូវបានលោក អ៊ួង វុទ្ធា ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ស្ទឹងត្រែងសម្រេចចេញដីកាបញ្ជាឲ្យឃុំ ខ្លួនក្នុងពន្ធនាខេត្តតាមមាត្រា៩៨ នៃច្បាប់ ស្តីពីព្រៃឈើដោយសារតែជនត្រូវចោទ ខាងលើនេះបានដឹកឈើធ្នង់ប្រហែល ៥០០គីឡូក្រាម ហើយត្រូវបានសមត្ថកិច្ច រដ្ឋបាលព្រៃឈើនិងមន្ត្រីកងរាជអាវុហត្ថខេត្តព្រួតស្ទាក់ចាប់បាន ។
ជនត្រូវចោទឈ្មោះ អឿ ក្រុង អាយុ ៣៣ឆ្នាំ ត្រូវបានគេរាយការណ៍មកថា បានស៊ីឈ្នួលដឹកឈើឲ្យឈ្មួញឈើម្នាក់នៅ ក្នុងខេត្តនេះទទួលបានថ្លៃឈ្នួលប្រមាណ ១.០០០រៀលក្នុងឈើមួយគីឡូក្រាម ដោយដឹកចេញពីស្រុកសៀមប៉ាងឆ្ពោះមកកាន់ទីរួមខេត្តស្ទឹងត្រែង។ លុះមកដល់ ចំណុចភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងក៏ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។
ករណីមន្ត្រីសាលាដំបូងខេត្តស្ទឹងត្រែងដឹកនាំកម្លាំងមន្ត្រីអនុវត្តច្បាប់នេះហាក់ដូចជាអនុវត្តមិនស្មើភាពគ្នារវាងឈ្មួញរកស៊ីឈើធំដុំ និងប្រជាពលរដ្ឋតូចតាចក៏ដូចជា រវាងឈ្មួញទិញឈើរបស់វៀតណាម និង កម្មករខ្មែរស៊ីឈ្នួលដឹកជញ្ជូនឈើ ។
សូមជម្រាបថា ខេត្តស្ទឹងត្រែងជាខេត្ត មួយក្នុងចំណោមខេត្តនៅភាគឦសានរបស់ប្រទេសកម្ពុជាដែលធនធានព្រៃឈើត្រូវបានបំផ្លាញយ៉ាងរង្គាលក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះបន្ទាប់ពីធនធានព្រៃឈើ នៅតាមបណ្តាខេត្តផ្សេងៗទៀតត្រូវបាន បំផ្លាញខ្ទេចខ្ទីរួចទៅហើយ ។
ការចាប់អ្នកស៊ីឈ្នួលដឹកឈើដាក់គុក ជាវិធានការផ្លូវច្បាប់មួយដែលអនុវត្តឡើងដោយមន្ត្រីសាលាដំបូងខេត្តស្ទឹងត្រែង ជាពិសេសក្រោមបញ្ជារបស់លោកព្រះរាជ អាជ្ញា ច្រឹង ខ្មៅ ដោយសហការជាមួយ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីរដ្ឋបាលព្រៃឈើដែលតែងតែទទួលរងការរិះគន់ថា ស្ថិតក្រោមឥទ្ធិពលឈ្មួញឈើធំៗនៅក្នុងខេត្តនេះ ។
ចំណែកស្រុកសៀមប៉ាងជាស្រុកដែលមានបទល្មើសព្រៃឈើច្រើនជាងគេបំផុត នៅក្នុងខេត្តនេះ។ ពេលកន្លងមកក្រុមឈ្មួញ បានកាប់ឈើពីតំបន់ព្រៃដាច់ស្រយាល ផ្សេងៗដូចជា ផ្នែកខ្លះនៃតំបន់កន្ទុយនាគជាដើមដោយដឹកតាមដងទន្លេសេកុង រួច ហើយជញ្ជូនឈើទាំងនេះឡើងគោកត្រង់ចំណុចជាប់ស្នាក់ការរដ្ឋបាលព្រៃឈើក្នុងស្រុកសៀមប៉ាងតែម្តងហើយមិនត្រូវបានហាមឃាត់ទេ ព្រោះខ្លាចរំខានដល់សកម្មភាពបំផ្លាញធនធានព្រៃឈើខ្មែរ ។
នៅពេលឈ្មួញឈើសម្រុកទាញឈើ ចេញពីទូកអូសឡើងលើគោកធ្វើឲ្យបាក់ច្រាំងទន្លេសេកុងមន្ត្រីរដ្ឋបាលព្រៃឈើនៅទីនោះមិនបានចាត់វិធានការចំពោះឈ្មួញទាំងនោះទេ។ ប៉ុន្តែប្រសិនប្រជាជនតូច តាចកាប់ឈើវិញគឺមិនលើកលែងឡើយ។
ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានរិះគន់ទៀតថា ការចាប់ឈើរឹបអូសយករាល់ លើក និងចាប់មនុស្សដាក់គុកធ្វើបានតអ្នកសុីឈ្នួលប៉ុណ្ណោះ។ ចំណែកថៅកែឈើពិត ប្រាកដ ជាពិសេសឈ្មួញឈើជនជាតិវៀតណាមគឺមិនហ៊ានចាប់ខ្លួនឡើយ ៕ ហេង សូរិយា