ភ្នំពេញៈ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា រាជធានីភ្នំពេញ នឹងមានចំណតរថយន្តបង់ប្រាក់ ដែលវិនិយោគសាងសង់ឡើងដោយក្រុមហ៊ុនឯកជន ក្នុងស្រុកមួយជាលើកដំបូង សង់នៅក្រោមដីមានជម្រៅ២ជាន់ ដែល អាចដាក់រថយន្តបានចំនួន៣១០គ្រឿង ហើយគ្រោងនឹងដំណើរការនៅចុងខែតុលាឆ្នាំ ២០១៧ ខាងមុខនេះ ។
លោកសាំ ពិសិដ្ឋ បន្តថា ចំណតរថយន្តបង់ប្រាក់ក្រោមដីថ្មីមួយកន្លែងនេះ វិនិយោគដោយក្រុមហ៊ុនឯកជនមួយឈ្មោះ OCIC របស់លោកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងនៅក្រោមសួនច្បាររបស់រដ្ឋត្រង់ទល់មុខព្រះក្យមុនីចេតីចាស់ (ទល់មុខអយស្ម័យយានកម្ពុជា)ហើយការដ្ឋាននេះបាន ការស្ថាបនា សម្រេចបានជាង៩៥ភាគរយហើយ។ក្រោយពីក្រុមហ៊ុនខាងលើសាងសង់ចំណតរថយន្តក្រោមដីនេះរួច ក្រុមហ៊ុននឹងដាក់ឲ្យដំណើរការ រថយន្តចូលចតបានក្នុងអំឡុងចុងខែតុលាឆ្នាំ ២០១៧ ខាងមុខនេះ ។ ដោយឡែក រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ដំណើរការស្ថាបនាជាសួនច្បារទំនើបមួយនៅខាងលើចំណតរថយន្តក្រោមដីនេះ ដោយរៀបចំក្រាលថ្មក្រានីត និងមានដាំដើមឈើ និងដាំស្មៅ ដាំផ្កាចម្រុះពណ៌បង្កើតជាលំហបៃតង់ក្នុងទីក្រុង ជាទីលានហាត់ប្រាណផង ដើរកម្សាន្តផង ព្រមទាំងមានដាក់ភ្លើងបំភ្លឺពេលយប់ឲ្យមានសោភណ្ឌភាសម្រាប់ប្រជាពលរដ្ឋស្រូបយក ខ្យល់អាកាសបរិសុទ្ធល្អផងដែរ ៕ ប្រាថ្នា