ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ខណះមកពីទិញគ្រឿងញៀនយកទៅប្រើប្រាស់ ដកហូតបានថ្នាំញៀន៧កញ្ចប់ និងម៉ូតូ២គ្រឿង កាលពីម៉ោងជាង៩យប់ថ្ងៃទី៣០ និងរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវកែវចិន្តា និងនៅទល់មុខសាលាបឋមសិក្សាគៀនឃ្លាំង តាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានថា ជនសង្ស័យដែលឃាតៀខ្លួនខាងលើទី១-ឈ្មោះ តឹក លីដា អាយុ២៩ឆ្នាំ មុរបរកម្មករសំណង់ ស្នាក់នៅភូមិទូលាន ឃុំជាកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទី២-ឈ្មោះ ព្រិល ចាន់ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិប្រមូល ឃុត្របែន ស្រុកឈូក ខេត្តកំពត ទី៣-ឈ្មោះ ម៉េង សុខឡេង អាយុ២៨ឆ្នាំ មុខរបរហៅម៉ូយឡាន ទី៤-ឈ្មោះ អេង ពឿន អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិព្រៃចារ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកនាយផ្នែក បានឲ្យដឹងថា មុនឈានទៅដល់ការឃាត់ខ្លួនជនគ្រឿងញៀន ទាំង៤នាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាវែវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FH-3495 នៅពេលរាត្រីថ្ងៃទី៣០ ដោយធ្វើដំណើរឆ្លងកាត់គោលដៅឈរជើងយាមល្បាត ពួនស្ទាក់ របស់សមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ខណៈនោះស្រាប់តែប្រទះឃើញ ក៏មានការសង្ស័យ ទើបឈានទៅដល់ការឃាត់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ ដែលជនសង្ស័យបានរក្សាទុកនិងខ្លួន ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់។
លោកនាយផ្នែកគ្រឿងញៀនខណ្ឌជ្រោយចង្វា បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង២នាក់ កម្លាំងសមត្ថកិច្ចនៅតែសហការបន្តសកម្មភាពយាមល្បាតពួនស្ទាក់រហូតមកដល់រសៀលថ្ងៃទី៣១ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1B-2046 មកដល់ទល់មុខសាលាបឋមសិក្សាគៀនឃ្លាំង ក៍ត្រូវសមត្ថកិច្ចឃាត់ត្រួតពិនិត្យភ្លាមៗ ហើយបានរកឃើញថ្នាំញៀន៦កញ្ចប់ ដែលជនសង្ស័យបានរក្សាទុក ដើម្បីយកទៅធ្វើសកម្មភាពជួញដូរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ ជ្រោយពេជ្រ