ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មាន តាមរយៈបណ្តាញសង្គមលើករណីថាមានការលបលួចអនុញ្ញាតអោយរថយន្ត គួកជេរដាក់តាំងលក់រថយន្តនៅតាមសួនច្បារមុខសណ្ឋាគារសាន់វ៉េរហូតដល់មុខ សណ្ឋាគារឡឺរ៉ូយ៉ាល ចតលើទ្រូវផ្លូវ និងចិញ្ចើមផ្លូវជុំវិញបណ្ណាល័យជាតិ រួមនិងការចតនៅក្បែរពេទ្យគន្ធបុប្ផានោះ ។
នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយស្វែងរកមុខមន្រ្តីណាដែលទទួលលុយខែពីអ្នកគួកជេរថយន្ត ដើម្បីចាត់វិធានការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយមិនលើកលែងឡើយ។
រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងថា៖ ១ ចំពោះរថយន្តទាំងអស់ដែល បានចាកចេញពីទីលានប្រជាធិបតេយ្យ ហេីយបានបន្តយកមកចតដាក់លក់នៅទីតាំងខាងលើនេះ សូមមេត្តាយកចេញជាបន្ទាន់ មិនអនុញ្ញាតអោយតាំងលក់នៅទីតាំងនេះទេ ប្រសិនបេីមិនព្រមចាកចេញទេ រដ្ឋបាលខណ្ឌនឹងស្ទូចរថយន្តនោះមករក្សាទុកនៅសាលាខណ្ឌដូនពេញ។
២ ប្រសិនបើមានព័ត៌មានច្បាស់ថា មានមន្ត្រីរូបណាបានអនុញ្ញាតឲ្យចត និងយកលុយពីម្ចាស់រថយន្តទាំងនោះ សូមរាយការណ៍មករដ្ឋបាលខណ្ឌ ដេីម្បីរដ្ឋបាលខណ្ឌមានវិធានការដាក់ពិន័យយ៉ាងធ្ងន់ធ្ងរបំផុតលើបុគ្គលនោះ។
៣ ចំពោះព័ត៌មានថា មានការចតរថយន្ត២ជួរ តាមចំណតឯកជន បណ្តាលឲ្យមានការកកស្ទះចរាចរណ៍នោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការចុះទៅរៀបចំនៅទីតាំងទាំងនោះ ដោយមិនអនុញ្ញាតឲ្យមានការចតរថយន្ត២ជួរឡើយ។
៤ ចំពោះរថយន្តគួកជេរ ដែលចតនៅទីតាំងហាមឃាត់ខាងលេីនេះ និងនៅតាមចំណតឯកជនដែលចត២ជួរមិនស្តាប់ការណែនាំរបស់រដ្ឋបាលខណ្ឌនោះ រដ្ឋបាលខណ្ឌនឹងស្ទូចរថយន្តទាំងនោះយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដោយរក្សាទុករយៈពេល១៤ថ្ងៃ ប្រសិនបេីមានលើកទី២ នឹងរក្សាទុករយៈពេល៣០ថ្ងៃ ហើយចំពោះការខូចខាត បាក់បែក យេីងអាជ្ញាធរមិនទទួលខុសត្រូវនោះឡេីយ ។
លោកសុខ ពេញវុធ បានបញ្ជាក់ទៀតថា អាស្រយ័ដូចបានជម្រាបជូនខាងលើ សូមមេត្តាយករថយន្តចេញជាបន្ទាន់ ក្រោយពីទទួលបានសេចក្តីជូនដំណឹងខាងលេីនេះ ៕ ស តារា