ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជោកបើករថយន្តបុករបងផ្ទះគេខូចខ្ទេច ទុកឲ្យក្រុមគ្រួសារដោះស្រាយមិនចេញ

ចែករំលែក៖

ភ្នំពេញៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារបុរសចំណាស់ម្នាក់ ស្រវឹងស្រាបើករថយន្ត ជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង និងធ្វើឲ្យថូផ្កានៅមុខព្រមទាំងដំបូលផ្ទះនោះ បែកបាក់ប្រេះខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៦៥ កែងផ្លូវលេខ២១៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសចំណាស់ម្នាក់ បើករថយន្តម៉ាក TACOMA មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2L-4881 ក្នុងស្ថានភាពស្រវឹងចោកជាំ។ លុះពេលបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកំរោល បណ្តាលឲ្យថូផ្កាមុខផ្ទះ និងដំបូលរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ តែមិនបង្កឲ្យមនុស្សណាម្នាក់គ្រោះថ្នាក់ក្នុងឧប្បត្តិ ហេតុនេះទេគ្រាន់តែបង្កឲ្យមានការភ្ញាក់ដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ទាំងកណ្តាលយប់តែប៉ុណ្ណោះ ។

ប្រពភពដដែលបានឲ្យដឹងទៀតថាក្រោយពេលកើតហេតុ អ្នកបើកបរប្រមឹកបានទុករថយន្តចោលនៅកន្លែងកើតហេតុហើយបានចាកចេញទៅសម្រាកនៅផ្ទះធ្វើព្រងើយ ដោយបានឲ្យក្រុមគ្រួសារចេញទៅដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះ និងសមត្ថកិច្ច តែ ចរចាថ្លៃសំណងសងការខូចខាតទ្រព្យមិនត្រូវគ្នា ក៏ប្រគល់រថយន្តឲ្យទៅសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ប្រាថ្នា


ចែករំលែក៖