ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបុកម៉ូតូបណ្តាលឲ្យស្លាប់និងរបួស២នាក់នៅផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨និង២០នាទីយប់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ 204-205 ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាក HONDA WAVE ពណ៌ក្រហម បើកបរដោយឈ្មោះ អង់ ភិបុល ភេទប្រុសអាយុ 19ឆ្នាំ មានទីលំនៅភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ព្រះសីហនុ មុខរបរកសិករ ។

ចំណែកអ្នករួមដំណើរឈ្មោះធឿង ជីញហ៊ើ ភេទប្រុសអាយុ18ឆ្នាំមានទីលំនៅដូចគ្នា ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើក៏បានជ្រុលចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្ត1គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-6305 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វិរៈប៊ុនថាំ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា។

ដោយឡែកអ្នកបើកបររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូហើយសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រីឯអ្នករងរបួសធ្ងន់ជាអ្នករួមដំណើរបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះអាយុជីវិត។

រីឯវត្ថតាងរថយន្ត និងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកទុកដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖