ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាស្ថានឥស្លាម An Nikmah ភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ វិទ្យាស្ថាន អាន់នៀកម៉ះអាល់ឥស្លាមីយ៉ះ An Nikmah ភ្នំពេញ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព របស់ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នេះ។

តាមការបញ្ជាក់របស់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជា ប្រធានអង្គការមូលនិធិអភិវឌ្ឍន៏ មុស្លិមកម្ពុជា វិទ្យាស្ថាន អាន់នៀកម៉ះអាល់ឥស្លាម៉ីយ៉ះ ភ្នំពេញ ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០១៥ ដែលមាន កំពស់ ៣ ជាន់ ១៣ បន្ទប់ ។ បានចំណាយថវិកា ចំនួន៤០០, ៧០០ ដុល្លារ ឧបត្ថម្ភដោយក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធរបស់ម៉ាឡេស៊ី ហៅកាត់ថា (MAIWP) ដែលមាន លោកYB Dato’ Sri Jamil Khir Haji Baharom រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ទទួលបន្ទុកកិច្ចការ សាសនា ជាប្រធានកិត្តិយស។

លោកបញ្ជាក់ថា៖ វិទ្យាស្ថាន អាន់នៀកម៉ះអាល់ឥស្លាម៉ីយ៉ះ គឺជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជាដែលបង្រៀន និង ប្រមូលផ្តុំការប្រឡងសិស្សានុសិស្សឥស្លាមទូទាំងប្រទេស ផ្នែកមធ្យមសិក្សាឥស្លាមកំរិត១ និង កំរិត២ បន្តការសិក្សាថ្នាក់ ឧត្តមសិក្សានៅម៉ាឡេស៊ី ដោយទទួលស្គាល់ដោយក្រសួងអប់អំម៉ាឡេស៊ី។ សព្វថ្ងៃ មានសិស្សានុសិស្សចំនួន ៣២៤ នាក់ ក្នុងនោះសិស្សស្រីចំនួន ១៨៥ នាក់។

ក្រៅពីថវិកាឧបត្ថម្ភសាងសងវិទ្យាស្ថានខាងលើ លោក YB Dato’ Sri Jamil Khir Haji Baharom ក្នុមនាមរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសាសនាម៉ា ឡេស៊ី ដែលមានស្ថាបនរដ្ឋ ក្រុមហ៊ុន ចំនួន ១៣ ក្រោមឪវាទ បានឲ្យដឹងថា៖ រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈ ស្ថាប័នរបស់លោក បានសម្រេចការជួយឧបត្ថម្ភថវិកាបន្ថែម ១,៥៦៨, ៨៣៤ ដុល្លារ ទៀត សំរាប់ទិញដីពង្រីកទីធ្លាវិទ្យាស្ថាន សាង សង់អន្តេវាសិកដ្ឋានសិស្ស និងសម្ភារៈ ប្រើប្រាស់ផ្សេងៗនៅនៅក្នុងបរិវេណវិទ្យាស្ថានដដែលនៅភូមិ៤ សង្កាត់ច្រាំង ចំរេះ រាជធានីភ្នំពេញ និងនៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានគណៈ ដឹកនាំជាន់ ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សហការនឹងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជាដៃគូរ៉ាប់រងទទួលអនុវត្តគម្រោង បន្ត។

លោក ហ៊ុន ម៉ានិត ក្នុងនាមសម្តេច តេជោ និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត លោក បាន សម្ដែងការកោត សរសេីរដល់រដ្ឋាភិបាលម៉ាឡេស៊ី និង បណ្តាអង្គការ ក្រុមហ៊ុន នានារបស់ម៉ាឡេស៊ី ជាដៃគូរសប្បុរសជនឈរ លើលំដាប់ថ្នាក់លេខ១ ដែលបាននិងកំពុងដេីរតួរយ៉ាងសំខាន់ក្នុងការទ្រទ្រង់វថិកា គ្រប់វិស័យនានាចាំបាច់របស់សហគមន៍ខ្មែរឥស្លាម ជាពិ សេស គឺវិស័យអប់រំ ដែលមិនខុសអំពីគោលនយោបាយលេីក កំពស់ និង ផ្តល់អទ្ឋិភាពរបស់រាជរដ្ឋាភិបាលលេីវិស័យមួយនេះ។ លោកបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដឹកនាំប្រទេស ដែលរក្សាបានកំណេីនសេដ្ឋកិច្ច ស្ថេរភាព សន្តិសុខ និងសុខដុមរមនីយកម្មផ្នែកសាសនា ក្នុងនោះសាសនាឥស្លាម ក៏ត្រូវបានផ្តល់នូវភាពកក់ក្តៅ និងការដោះស្រាយជូនតម្រូវការនានា របស់បងប្អូន ដោយពុំមានការប្រកាន់ពូជសាសន៍ រឺសាសនាអ្វីឡេីយ។

លោកក៏បានផ្តាំផ្ញេីដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន សិស្សានុសិស្ស សូមបន្តប្រេីប្រាស់វិទ្យាស្ថានមួយនេះ ដេីម្បីចូលរួមអភិវឌ្ឍន៍ និងលេីកកំពស់វិស័យអប់រំ ជាពិសេសក៏ត្រូវថែរក្សាសប្បត្តិមួយនេះឲ្យ បានគង់វង្ស ដេីម្បីបន្តផ្ដល់ចំណេះដឹងដល់កូនចៅជំនាន់ក្រោយ និង ផ្តល់ទំនុកចិត្តមួយជូនដល់ភាគី ម៉ាឡេស៊ី ដែលបានខិតខំផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់សហគមន៍ និងសង្គមជាតិទាំងមូល ៕ សំរិត

 


ចែករំលែក៖