ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់ឌុបគ្នាបងប្អូន២នាក់តាមផ្លូវត្រូវរថយន្តហាយឡេនឌ័របុកស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

 

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ត្រូវរថយន្តហាយឡេនឌ័របុកស្លាប់ចំណែកក្មេងស្រីម្នាក់ទៀតត្រូវជាបងរងរបួសស្រាល ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិគគីរ ឃុំគគ៏រ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រថយន្តបង្កម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-0667 បើកបរដោយឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅផ្ទះ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ក្មេងប្រុសរងគ្រោះមានឈ្មោះហុក ឆាយហេង អាយុ ៩ ឆ្នាំ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកក្មេងស្រីម្នាក់ទៀតដែលរងរបួសស្រាលមានឈ្មោះ ហុកណាលីស អាយុ១៣ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តបង្កបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់កន្លែងកើតហេតុអ្នកបើកបរបានឈប់រថយន្តអែបនៅចិញ្ចើមផ្លូវដើម្បីឲ្យជិះនៅខាងក្នុងទិញផ្លែឈើ ។ ពេលឃើញរថយន្តឈប់នៅខាងមុខជនរងគ្រោះទាំង២នាក់បងប្អូនបានជិះកង់គេចមកនៅខាងមុខរថយន្ត គ្រានោះស្រាប់តែឃើញរថយន្តបើកទៅមុខបុកក្មេងរងគ្រោះទាំង២នាក់បងប្អូនតែម្តង ។ ក្រោយកើតហេតុក្មេងរងគ្រោះទាំង២នាក់ត្រូវបានប្រជាពលរដ្ឋដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកៀនស្វាយ តែជាអកុសលក្មេងប្រុសអាយុ៩ឆ្នាំម្នាក់បានស្លាប់បាត់ទៅហើយ ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានចាប់ខ្លួន ។

លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសារអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ពេលឈប់រថយន្តអត់ដោះលេខចេញ គ្រានោះអ្នកបើកបរដកជើងចេញពីហ្វ្រាំងធ្វើឲ្យរថយន្តទៅមុខដោយខ្លួនឯង ។ ពេលឃើញរថយន្តបើកទៅមុខអ្នកបើកបរបានយកជើងហ្គា ស្មានថាហ្វ្រាំង ធ្វើឲ្យរថយន្តបន្ថែមល្បឿនទៅបុកក្មេងរងគ្រោះទាំង២នាក់បងប្អូនពេញទំហឹងតែម្តង ។

បច្ចុប្បន្នរថយន្តបង្កនិងអ្នកបើកបរត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស


ចែករំលែក៖