ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របត់ចូលរោងចក្រត្រូវរថយន្តយីឌុបបើកបុករុញចូលប្រឡាយទឹកស្អុយ

ចែករំលែក៖

 

ភ្នំពេញ៖​ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន​ផែស្ងួតសុកន​ បានបើកដឹកឥវ៉ាន់បំណងចូលទៅក្នុងរោងចក្រ ពេលបើកបត់ក្បាលចូលបន្តិច ស្រាប់តែមានរថយន្តធុនធំ ប្រភេទរថយន្តយីឌុប បើកលឿន ជ្រុលមកបុកពីចំហៀងពេញទំហឹង បណ្តាលឲ្យរថយន្តកុងតឺន័រ ធ្លាក់ចូលប្រឡាយទឹកស្អុយ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់​ជីត​ ថិច​ ថាយ​លីមីតធិត​ តាមបណ្តោយផ្លូវជាតិលេខ៤​ ភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងតឺន័រ​ របស់ក្រុមហ៊ុន​ ផែស្ងួត​ សុកន​ ពណ៍ខៀវ​ ពាក់ស្លាកលេខភ្នពេញ​ 3C1142 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ​ក្នុងទិសដៅពីកើតទៅលិច​ ខណៈមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតបំណងបត់ចូលទៅក្នុងរោងចក្រភ្លាមនោះស្រាប់តែមានរថយន្តធុនធំប្រភេទរថយន្តយីឌុប​ ពណខៀវ​ ពាក់ស្លាកលេខ កំពង់ធំ​ 3A 0892 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តកុងតឺន័រពីចំហៀង ពេញទំហឹងធ្វើឲ្យរថយន្តកុងតឺន័រធ្លាក់ប្រឡាយទឹកស្អុយរងការខូចខាតហើយរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នាតែម្តង​ តែមិនមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់វាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នាពេលក្រោយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ បង្កការកកស្ទេះចរាចរណ៍យ៉ាងខ្លាំងផងដែរ៕ សុខាសែនជ័យ


ចែករំលែក៖