ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកឡានធុនធំបុករង្វង់មូល និងជ្រុលទៅបុកស្លាកគណបក្សនយោបាយខូចខាត

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជនម្នាក់បើកបររថយន្តធុនធំមួយគ្រឿង ទៅបុកកែង ឃឿនរង្វង់មូលត្បូងក្រហមចំជំហៀងពេញទំហឹង រហូតជ្រុលទៅបុកស្លាកគណបក្សប្រជាជនកម្ពុជាបណ្ដាលឲ្យខូចខាត ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅរង្វង់មូលត្បូងក្រហម ភូមិអូរតាប្រាង សង្កាត់ប៉ៃលិនក្រុង ខេត្តប៉ៃលិន។

បើតាមសមត្ថកិច្ចចរាចណ៍ខេត្តបានសាកសួរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿងបានបើកបរក្នុងទិសដៅពីជើងទៅត្បូង រួចបត់ទៅទិសខាងលិច តែបត់មិនទន់ ក៏ជ្រុលទៅបុកកែងរង្វង់មូលត្បូងក្រហមចំពេញទំហឹងរហូតឆ្លងផ្លូវជាតិលេខ៥៧ ទៅបុកស្លាកគណបក្សប្រជាជនកម្ពុជាខូចខាតខ្ទេច ។

រថយន្តបង្កម៉ាក INTERNATIONALពាក់ស្លាកលេខ ភ្នំពេញ 3E 0015 ពណ៌បៃតង លាយទឹកមាស (ខូចខាត)បើកបរ ដោយឈ្មោះ អេង ប៊ុនលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើកបររស់នៅភូមិព្រៃរងៀង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ករណីនេះកើតឡើងដោយសារយុវជន ម្នាក់នេះផឹកស្រាស្រវឹង ហើយយករថយន្តនេះពីកន្លែងយកមកបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងស្រា ក៏ទៅបុកបង្កការខូចខាតតែម្តង។

បច្ចុប្បន្នអ្នកបើកបរ និងរថយន្តត្រូវបានការិយាល័យចរាចរណ៍ឃាត់ខ្លួននៅស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីដោះស្រាយតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖