ខេត្តបន្ទាយមានជ័យ៖ ករណីផ្ទុះរថយន្តដឹកផាវកាលពីវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ គឺរថយន្តម៉ាកនីសាន់ មួយបាំងកន្លះ ពណ៌ទឹកប្រាក់ បិទស្កុតខ្មៅ ពុំដឹងពាក់ស្លាកលេខ ស៊េរីឆ្នាំ១៩៩៣ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខសាលាបឋមសិក្សាព្រែកល្ពៅ ភូមិព្រែកល្ពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យជនរងគ្រោះ៣នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ មិនមែនជាករណីភេរវកម្ម ឬបំផ្ទុះគ្រាប់អ្វីនោះឡើយ។ បើតាមការអះអាងពីសមត្ថកិច្ច ករណីផ្ទុះរថយន្តដឹកផាវនេះ មូលហេតុគឺដោយសាររថយន្តមួយគ្រឿងបានដឹកផៅគ្រាប់បែកចំនួន៨កេះ មានការធ្វេសប្រហែស ដោយទុកដាក់ខុសបច្ចេកទេស ទើបបណ្តាលឲ្យមានករណីផ្ទុះនេះកើតឡើង។
ពាក់ព័ន្ធទៅនឹងករណីផ្ទុះផៅបណ្តាលឲ្យមនុស្សស្លាប់និងរបួសកន្លងទៅនោះ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានហៅមនុស្សចំនួន៩នាក់ ដែលពាក់ព័ន្ធយកមកសាកសួរ ក្នុងនោះ ១ឈ្មោះ សាំង សោភណ្ឌ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ, ២ ខាន់ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ទីកន្លែងកំណើតភូមិ៣ ឃុំព្រះពន្លា ស្រុកសេរីសោភណ្ឌ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ, ៣ ឈ្មោះ យ៉ាត គឹមស៊ុន ភេទប្រុស អាយុ៤៩ឆ្នាំ ទីកន្លែងកំណើត ភូមិកំពង់សំបូរណ៍ ឃុំសំរោងភ្នំ ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ទី៤ ឈ្មោះ ហ៊ា ម៉ុយ ភេទស្រី អាយុ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ទី៥ ឈ្មោះ អ៊ុក ភុម ភេទប្រុស អាយុ៤៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ, ៦ ឈ្មោះ រិន នាត ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារធំថ្មី សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ៧ ឈ្មោះ គីង ច្រឹប ភេទប្រុស អាយុ៨៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រាំឃ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ, ៨ ឈ្មោះ ប៊ូ ធីតា ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៩ ឈ្មោះ អៀ មុយយូ ភេទស្រី អាយុ៦៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានបញ្ជាក់ថា៖ យោងតាមការស្រាវជ្រាវនិងការឆ្លើយបំភ្លឺ ពីមនុស្ស៩នាក់ខាងលើនេះ ពួកគាត់បានបញ្ជាក់ថា៖ ផាវគ្រាប់បែកនេះ គ្រាន់តែយកទៅធ្វើសម្រាប់ជាការដេញកណ្តុរ និងធ្វើផៅដើម្បីបាញ់កាំជ្រួចលេង សម្រាប់រដូវបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះតែប៉ុណ្ណោះ ។ ពួកគាត់បញ្ជាក់ទៀតថា៖ពួកគាត់តែងតែទិញមកពីប្រទេសថៃ ហើយយកមកប្រើប្រាស់នៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់ជាការដេញសត្វកណ្តុរ។
ជាក់ស្តែងឆ្លងតាមការស្រាវជ្រាវ និងពិនិត្យទៅលើវត្ថុតាង សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលមានករណីផ្ទុះ រថយន្តនៅខេត្តបន្ទាយមានជ័យកន្លងទៅ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់ គឺកើតឡើងដោយសាររថយន្តនោះបានដឹកផាវគ្រាប់បែកចំនួន៨កេះ មានការធ្វេសប្រហែសដោយទុកដាក់ខុសបច្ចេកទេស ។ ដូច្នេះសមត្ថកិច្ច និងតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការរកស៊ីទិញផៅគ្រាប់បែកនេះ យកមកប្រើប្រាស់បន្តទៀត ហើយអោយពួកគាត់ត្រឡប់ទៅកាន់លំនៅដ្ឋានវិញរៀងៗខ្លួន៕ សុខ ខេមរា