ខេត្តក្រចេះ៖ សាកសពបុរស៣នាក់ ដែលកប់នៅក្នុងរណ្តៅរ៉ែមាសកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ រហូតមកទល់ ល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មិនទាន់ រកសពឃើញនៅឡើយទេ ហើយកម្លាំង នគរបាល និងអ្នករុករកបានដកខ្លួនចេញ ពីទីតាំងអស់ហើយបន្ទាប់ពីម្ចាស់អណ្ដូងប្រាប់ថា ពួកគេអស់លទ្ធភាពរកហើយ ។
កម្លាំងសមត្ថកិច្ចដែលចុះទៅដល់អណ្ដូង រ៉ែបាក់ដីសង្កត់កម្មករនេះបានឲ្យដឹងដោយយោងតាមសម្តីរបស់កម្មករដែលនៅរស់ និងតាមការអះអាងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះថា កម្មករស្លាប់នៅក្នុងករណី បាក់ដីសង្កត់នៅក្នុងអណ្ដូងរ៉ែមាសនេះ អាចមានលើសពី៣នាក់ ព្រោះនៅពេលនោះកម្មករជាច្រើននាក់បានសម្រុកចូល ក្នុងរណ្ដៅមួយដែលមានជម្រៅជាង២៥ ម៉ែត្រនៅក្នុងដីដើម្បីជីកយករ៉ែមាស ។
សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែសីហា យ៉ាងហោចណាស់មានកម្មករអណ្ដូងរ៉ែ មាស៣នាក់បានស្លាប់នៅក្នុងករណីបាក់ អណ្តូងជីយករ៉ែមាសមួយកន្លែងនៅចំណុចអូរត្រូន ឃុំក្បាលដំរី ស្រុកសម្បូណ៌ ខេត្ត ក្រចេះ ខណៈដែលសពជនរងគ្រោះសមត្ថកិច្ចកំពុងតែជីកកកាយដើម្បីរកសពកម្មករទាំង៣នាក់នោះកំពុងកប់យ៉ាងជ្រៅនៅ ក្នុងអណ្ដូងរ៉ែមាស។ អណ្ដូងរុករករ៉ែមាសខុសច្បាប់ក្នុងតំបន់នេះមានប្រមាណ១៣ កន្លែងធំៗ ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តក្រចេះបានបញ្ជាឲ្យបិទ អណ្តូងរ៉ែមាសយ៉ាងហោច១១កន្លែងបន្ទាប់ពីមានករណីបាក់ដីសង្កត់កម្មករស្លាប់ចំនួន៣នាក់រហូតដល់ថ្ងៃនេះ (៣កញ្ញា) សព មិនទាន់រកឃើញនៅឡើយព្រោះកប់ក្នុង ជម្រៅជ្រៅពេក ។
កម្មករដែលស្លាប់កប់ក្នុងអណ្ដូងរ៉ែ មាសនេះ ទី១-ឈ្មោះ ជិន ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្ទឹងស្វាយ ឃុំជារ ស្រុកចិត្របុរី ខេត្តក្រចេះ, ទី២-ឈ្មោះ នួន ចាន់រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ និងទី៣-ឈ្មោះ រាជ សាគា ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងពីរមានទីលំនៅចំណុចដីសម្បទានភូមិកាកុត ឃុំសំបុក ស្រុកចិត្រ បុរី ខេត្តក្រចេះ។ ចំណែកអណ្ដូងរ៉ែមាស ដែលបានបាក់ដីកិនស្លាប់កម្មករនោះតាមការប៉ាន់ស្មានមានជម្រៅជាង២៥ម៉ែត្រឯណោះទើបសមត្ថកិច្ចពិបាកកាយរកសព។
កាលពីយប់ថ្ងៃទី២៧ ខែសីហា កម្មករ អណ្ដូងរ៉ែមា្នក់បានស្លាប់ និងម្នាក់ទៀតរង របួសម្នាក់នៅចំណុចអូរត្រូន ក្នុងភូមិអូរ ពោរ ឃុំក្បាលដំរី ស្រុកសម្បូណ៌ ខេត្តក្រចេះ ប៉ុន្តែមិនទាន់ឃើញចំណាត់ការរបស់សមត្ថកិច្ចនៅឡើយ ។
ទីតាំងរណ្ដៅជីករ៉ែមាសដែលបានឆក់យកជីវិតមនុស្សកាលពីសប្តាហ៍មុននេះ ត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់ឈ្មោះ គង់ ប៊ុននាង ភេទប្រុស អាយុ៥៤ឆ្នាំ មាន ទីលំនៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។
កម្មករអណ្ដូងរ៉ែដែលស្លាប់មានឈ្មោះ ហួន វាសនា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ បាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្ត កំពង់ធំ។ ចំណែកកម្មករតហរបួសឈ្មោះ ញ៉ែត ផាត អាយុ២៣ឆ្នាំ មានទីលំនៅភូមិ ដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បាក់ដៃខាងឆ្វេង និងប្រអប់ជើង ខាងឆ្វេង។ ជនរងគ្រោះទាំង២នាក់បាន ព្យាយាមចុះទៅយកអាចម៍ដីពីក្នុងអណ្តូងរ៉ែមាស ហើយបានរអិលធ្លាក់បណ្តាលឱ្យ ស្លាប់ និងរបួសតែម្តង ។
ក្រោយមកនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៧ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកោសល្យវិច័យបានចុះទៅកាន់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងអណ្តូងរ៉ែមាសនោះដើម្បីកសាង សំណុំឯកសារតាមផ្លូវច្បាប់ ៕ ហេង នរិន្ទ្រ