ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់​ចរាចរ​ នឹង​មិន​អាច​ថយ​ចុះ​ទេ​ បើ​ជនបង្ក​ចេះ​តែត្រូវ​ តុលាការ​ដោះលែង​ងាយៗ​បែប​នេះ​

ចែករំលែក៖

ខេត្តកណ្ដាល​៖ មជ្ឈដ្ឋាន​មួយ​ចំនួន​ សង្កេត​ឃើញ​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​នៅ​កម្ពុជា​ នឹង​មិន​អាច​ថយ​ចុះ​ទេ​ ប្រសិនបើ​ឥរិយាបថ​នៃ​អ្នក​បើកបរ​មិន​ផ្លាស់​ប្ដូរ​ ហើយ​ជនបង្ក​បុក​មនុស្ស​ស្លាប់​ ចេះ​តែ​ត្រូវ​តុលាការ​ដោះលែង​ងាយៗ​ បែប​នេះ​។

​លោក​ សូ​ សុវិទ្យា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ល្ងាច​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នេះ​ សម្រេច​ដោះលែង​បុរស​ចំណាស់​ម្នាក់​ដែល​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឱ្យ​ក្មេង​ប្រុស​អាយុ​៩ឆ្នាំ​ម្នាក់​ស្លាប់​ និង​ ក្មេង​ស្រី​អាយុ​១៣ឆ្នាំ​រងរបួស​ស្រាល​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ។​ របាយការណ៍​ប៉ូលិស​ បង្ហាញ​ថា​ បុរស​ចំណាស់​រូប​នេះ​ ជាន់​ហ្គែរ​រថយន្ត​ច្រឡំ​ថា​ជា​ហ្វ្រាំង​ ទើប​ជ្រុល​បុក​ជនរងគ្រោះ​ ។​

មន្ត្រី​តុលាការ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បង្ហើប​ឱ្យ​ដឹង​ថា​ ការ​សម្រេច​ដោះលែង​នេះ​ បន្ទាប់​ពី​គ្រួសារ​សព​ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ដក​ពាក្យ​បណ្ដឹង​ ។​ ប៉ុន្តែ​អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ សំណង​រដ្ឋប្បវេណី​ ពុំ​អាច​ធ្វើ​ឱ្យ​បណ្តឹង​អាជ្ញា​ រលត់​នោះទេ​ ។

មាត្រា​៨៥ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ចែង​ថា​”​ជន​ណា​បើកបរ​ដោយ​ធ្វេសប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ ឬ​ មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​តម្រូវ​ឱ្យ​ស្លាប់​អ្នក​ដទៃ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១៥លាន​រៀល​”។

របាយការណ៍​នគរបាល​ស្រុក​កៀនស្វាយ​ បង្ហាញ​ថា​ កាលពី​ព្រឹក​ថ្ងៃទី​០៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​១​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩និង​២០​ មុខ​ផ្សារ​គគីរ​ ភូមិ​គគីរ​ ឃុំ​ដីឥដ្ឋ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្ក​ដោយ​ឈ្មោះ ជួប សារ៉េត ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ផ្ទះ៣៧០ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះ​ពីរ​នាក់​ឈ្មោះ​ ហុក ឆាយហេង ភេទប្រុសអាយុ​៩ឆ្នាំ​ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ និង​ ឈ្មោះ​ ហុក ណាលីស ភេទ​ស្រី​ អាយុ​១៣ឆ្នាំ​ រងរបួស​ស្រាល​ ។

នគរបាល​បញ្ជាក់​ថា​ ជនបង្ក​បើក​រថយន្ត​ម៉ាក​ តូយ៉ូតា​ហាយឡែនឌើរ​ ពណ៌​ទឹក​មាស​ ប្រភេទទេសចរណ៍ពាក់ផ្លាក​លេខ​ ភ្នំពេញ2AC-0667 ទិសដៅពីភ្នំពេញទៅអ្នកលឿង។

ពេលបើកមកដល់ចំណុចកើតហេតុ​ បានឈប់អែបខាងស្តាំ​ឱ្យ​អ្នក​រួមដំណើរចុះទិញសម្ភារៈ ពេលកំពុងឈប់ភ្លេចដោះលេខ​ក៏​លែងជើង​ ជាន់​ហ្គែរ​ច្រឡំ​ថា​ជា​ហ្វ្រាំង​ ជ្រុល​បុក​ជនរងគ្រោះ​តែ​ម្តង​ ។​

នគរបាល​ សន្និដ្ឋាន​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្ដាល​មក​ពី​ជនបង្ក​បើក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ៕ ចេស្តា

 

 


ចែករំលែក៖