ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នានៅវាលវែងបណ្តាលឲ្យមានអ្នកស្លាប់ រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ខេត្តពោធិ៍សាត់ គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា នៅស្រុកវាលវែង បណ្តាលឲ្យមានមនុស្សស្លាប់ រងរបួសធ្ងន់ និងស្រាល ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៣និង១៣នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីភ្លូករថយន្តដឹកឈើក្រឡាប់បណ្តាលឲ្យស្លាប់អ្នកបើកបរ នៅចំណុច ជើងភ្នំដាឡៃ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចជំនាញបានអះអាងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ ហេង សេងលី ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្រុកកំណើតនៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របូរី ខេត្តក្រចេះ មុខរបរបើកឡានដឹកឈើ ស្នាក់នៅភូមិឃុំកើតហេតុ ។

ប្រភពអះអាងថា ករណីគ្រោះថ្នាក់មួយនេះកើតឡើងដោយសាររថយន្តដាច់ហ្វ្រាំង។

ក្រោយពិនិត្យរួចរាល់ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ នៅវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ក៏មានហេតុការណ៍ម៉ូតូ បុកម៉តូកើតឡើងមួយករណីផងដែរ នៅចំណុចអូរដូនាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ម៉ូតូម៉ាក ឌ្រីមសង់ C125 ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សែត រីន ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅចំណុចកើតហេតុ ធ្វើដំណើរពីកើតទៅលិច បម្រុងនឹងបត់ចូលផ្ទះ ក៏ទាក់ដៃចង្កូតជាមួយម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរស្របទិសគ្នា មានគ្នា ៣នាក់ ឈ្មោះ មិត មាស ភេទប្រុស អាយុ ២១ ឆ្នាំ (អ្នកបើកបរ របួសធ្ងន់), ឈ្មោះ អ៊ុំ ម៉ែន ភេទប្រុស អាយុ ៥៩ ឆ្នាំ (របួសធ្ងន់ ) និងឈ្មោះ រឹម ផល ភេទស្រី អាយុ ៥៦ ឆ្នាំ (របួសស្រាល)។ អ្នកទាំង ០៣ នាក់ រស់នៅចំណុចក្រសាំងភ្នៅ ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯវត្ថុតាងត្រូវយកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖