ខេត្តសៀមរាប៖ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាអាស៊ានស្តីពី “វេទិកាកសាងសមត្ថភាពមុខងារសាធារណៈអាស៊ាន និងប្រព័ន្ធគ្រប់គ្រងគុណផល” នៅសណ្ឋាគារសុខា ទីរួមខេត្តសៀមរាប ចាប់ពីរសៀលថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ ដោយមានសមាសភាពចូលរួមពីបណ្តាលប្រទេសជាសមាជិអាស៊ាន អាស៊ានបូក៣ អង្គការអន្តរជាតិ មន្ត្រីជំនាញពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ ១៣០ នាក់។
សិក្ខាសាលានេះ បានសហការរៀបចំដោយក្រសួងមុងខាងសាធារណៈ និងទីភ្នាក់ងារជាតិមុខងារសាធារណៈនៃប្រទេសឥណ្ឌូណេស៊ី ដើម្បីជាការប្រមូលធាតុចូលពីអ្នកជំនាញពាក់ព័ន្ធទាំងអស់គ្រប់កម្រិត ទាំងអ្នករៀបចំគោលនយោបាយ អ្នកបច្ចេកទេស អ្នកគ្រប់គ្រងក្នុងការអនុវត្តការងារពីបណ្តាប្រទេសអាស៊ានទាំងអស់ ជាពិសេស ក្រសួងមុខងារសាធារណៈបានអញ្ជើញវាគ្មិនអ្នកជំនាញកម្រិតខ្ពស់និងមានការចូលរួមពីតំណាង ប្រទេសអាស៊ានទំាង១០ និងសាធារណៈរដ្ឋកូរ៉េខាងត្បូង និងអង្គការអន្តរជាតិមួយចំនួន រួមជាមួយនឹងមន្រ្តីរាជការដែលកាន់មុខតំណែងគ្រប់គ្រង បច្ចេកទេស និងធ្លាប់មានបទពិសោធន៍អនុវត្តផ្ទាល់លើការគ្រប់គ្រងគុណផលនៅតាមក្រសួងស្ថាប័នសំខាន់ៗនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីផ្តល់មតិយោបល់ និងកែលម្អឯកសារណែនាំស្តីពីប្រព័ន្ធគ្រប់គ្រងគុណផលសម្រាប់វិស័យរដ្ឋបាលសាធារណៈឱ្យមានលក្ខណៈទំនើបកម្មស្របតាមបរិបទតំបន់ និងកម្ពុជា មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យនិងសម្រេច ៕ ស សម