កិច្ចពិភាក្សាស្តីពិសន្តិភាពនៅក្នុងប្រទេសស៊ីរី បានធ្វើឡើងជាច្រើនឡើងរួចមកហើយ តែមិនមានប្រសិទ្ធភាព ធ្វើឲ្យសង្គ្រាមស៊ីវិល និងសង្គ្រាមប្រឆាំងភេរវកម្មនៅលើទឹកដីស៊ីរីរកមិនឃើញពន្លឺនៃការបញ្ចប់។ ភាគច្រើនដោយសារតែមានការខ្វែងគំនិតគ្នារវាងក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី គាំទ្រដោយលោកខាងលិច នឹងរដ្ឋាភិបាលស៊ីរី។
បច្ចុប្បន្នសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្មមានការរីកចម្រើន ហើយកម្លាំងទាហានរដ្ឋាភិបាលស៊ី ដែលគាំទ្រដោយរុស្ស៊ី និងក្រុមទាហានប៉ះបោរគាំទ្រដោយអាមេរិក និងលោកខាងលិចក៏បានដណ្តើមទីតាំងគ្រប់គ្រងជាច្រើនពីក្រុមភេរវកម្ម ISបង្កើតទៅជាតំបន់គ្មានការផ្ទុះអាវុធជាតំបន់ ដែលភាគីទាំងពីរដណ្តើមបានការគ្រប់គ្រងពីភេរវកម្ម។
នៅពេលនេះ កិច្ចពិភាក្សាថ្មីៗ ដើម្បីរកដំណោះស្រាយវិបត្តិស៊ីរី រវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម នឹងប្រព្រឹត្តទៅនៅក្រុងអាស្តាណាប្រទេសកាហ្សាស្ថានថ្ងៃ១៤-១៥ កញ្ញាខាងមុខ។ កិច្ចពិភាក្សានេះ ផ្តួចផ្តើមដោយរុស្ស៊ី និងអ៊ីរ៉ង់ នឹងផ្តោតលើការពង្រឹងតំបន់ ដែលលែងមានការតតាំងអាវុធនៅស៊ីរី។ ដោយឡែកបេសកជនពិសេសអង្គការសហប្រជាជាតិសម្រាប់ស៊ីរី រំពឹងថា អាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីអាចនឹងវាយយកបានទីតាំង ក្រុមជីហាតរដ្ឋអ៊ីស្លាមនៅដំណាច់ខែតុលានេះ ហើយយ៉ាងយូរមួយឆ្នាំទៀត អាចនឹងមានការបោះឆ្នោតដោយសេរីបាននៅប្រទេសស៊ីរី។
ភាគីចូលរួមនៅថ្ងៃ១៤-១៥ កញ្ញាខាងមុខនេះ ទីតាំងដែនដី ដែលស្ថិតនៅជុំវិញតំបន់ផ្សេងៗ ដែលលែងមានការតតាំងអាវុធគ្នា។ តំបន់ទាំងនេះមានទីក្រុងអ៊ីដឡេបហូមស៍ និងហ្គូតាភាគខាងកើត ជិតក្រុងដាម៉ាសផងដែរ។ ប៉ុន្តែ រដ្ឋាភិបាលកាហ្សាក់ស្ថានមិនបានលើកឡើងពីតំបន់ទី៤ នៅភាគខាងត្បូងស៊ីរីទេ។ តំបន់នេះធ្លាប់បានលើកមកពិភាក្សានៅក្រុងអាស្តាណាកាលពីខែកក្កដា។ ទាក់ទងតំបន់ទី៤នេះ អ៊ីស្រាអែល និងអាមេរិកកំពុងបាមរ្ភថាអាចមានការលូកដៃពីអ៊ីរ៉ង់ ក្រោយអាមេរិក និងរុស្ស៊ីផ្តួចផ្តើមអោយមានបទឈប់បាញ់ កាលពីខែកក្កដាមក។
ដោយឡែក រុស្ស៊ីធ្លាប់បានដាក់ពង្រាយកងកម្លាំងយោធានៅភាគខាងត្បូងស៊ីរី ក្នុងតំបន់ហ្គូតាភាគខាងកើត និងតាមទីតាំងខ្លះៗ ក្នុងតំបន់ហូមស៍រួចហើយគឺក្នុងក្របខណ្ឌនៃដាក់ចេញបទឈប់បាញ់តាមតំបន់ទាំងនោះឯង។ ទន្ទឹមនឹងកិច្ចពិភាក្សាក្រុងអាស្តាណាបេសកជនអង្គការសហប្រជាជាតិសម្រាប់ស៊ីរីលោកស្តាហ្វាន់ ដឺមីស្ទូរ៉ារំពឹងថា កិច្ចពិភាក្សាក្រុងហ្សឺណែវរវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលស៊ីរី រៀបចំដោយអង្គការសហប្រជាជាតិ រកដំណោះស្រាយវិបត្តិស៊ីរី អាចធ្វើឡើង នៅខែតុលាខាងមុខដែរ។ កិច្ចព្រមព្រៀងក្រុងហ្សឺណែវ មានតាំងពីឆ្នាំ២០១៤ តែ កន្លងមក ពិបាករកច្រកចេញដោយសារតែមានការជំទាស់គ្នាលើអំណាចរបស់លោកអាសាដ។ ក្រុមឧទ្ទាមមិនចង់ អោយលោកអាសាដបន្តអំណាច ប៉ុន្តែរដ្ឋាភិបាលក្រុងដាម៉ាសមិនព្រម។ ថ្ងៃសុក្រនេះ រដ្ឋាភិបាលបារាំងបានបង្ហាញជំហរជំទាស់នឹងវត្តមានលោកអាសាដក្នុង អន្តរកាលនយោបាយស៊ីរី៕ ម៉ែវ សាធី